ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ ១៣រូប ត្រៀមទៅសិក្សានៅសាធារណរដ្ឋឆែក


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ១៣រូប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជំនួបនេះត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតជូននិស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ចំនួន ១៣រូប ចូលជួប និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រី ព្រមទាំងស្វែងយល់បន្ថែមពីការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចក្ខុវិស័យរបស់ក្រសួងដើម្បីជាចំណេះដឹងបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅប្រទេសឆែក នាពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

ថ្លែងក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរដល់និស្សិតអាហារូបករណ៍ទាំង ១៣រូប ព្រមទាំងជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងអំពីប្រទេសកម្ពុជាកាន់តែច្បាស់ថែមទៀត៕