ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តយុទ្ធនាការបើកវេទិកាការងារ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋស្វែងរកការងារធ្វើនៅក្នុងប្រទេស ឲ្យកាន់តែងាយស្រួល នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ដោយការងារនៅក្នុងស្រុកផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ មួយទៀតនោះគឺប្រជាពលរដ្ឋ ដែលធ្វើការងារនៅក្នុង ប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល បាននឹងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដោយគិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលជូន ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីធានាដល់ការរស់នៅជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធារ។
លោក ណុប សាវ៉ាត ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលករវិលមកពីប្រទេសថៃវិញមានចំនួន ២១,៣៥៨ នាក់ ស្រី៩,២៧៧នាក់។ បើតាមការ ស្រង់ស្ថិតិរបស់ក្រុមការងារពីបណ្ដាភូមិ ឃុំ ស្រុក បានបង្ហាញថា មានពលករ និងប្រជាពលរដ្ឋមិនទាន់មានការងារធ្វើមានចំនួន ៩,៧៣៣ ស្រី ៣,៨០៦ នាក់ និងអ្នកមានការងារធ្វើចំនួន ១២,៦២៥ នាក់ ស្រី៥,៤៧១ នាក់។
សូមបញ្ជាក់ថា វេទិកាការងារនេះ គឺរដ្ឋបាលខេត្ត និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងរៀបចំធ្វើ ទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋដែលមិនទាន់ មានការងារធ្វើឲ្យគាត់មានការងារធ្វើបានគ្រប់ៗគ្នា៕