ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស «គ.អ.ច.ទ» នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់នូវអនុសាសន៍ដល់មន្រ្តីនានា ដែលកំពុងបំពេញភារកិច្ច នៅច្រកទា្វរអន្តរជាតិបាវិត-ម៉ុកបៃ ក្នុងដំណើរតាមរថយន្តឆ្ពោះទៅទីក្រុងហូជីមិញ។
ការអញ្ជើញសំណេះសំណាលនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនទេសចរណ៍កម្ពុជា ចូលរួមក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញលើកទី១៩ (ITE-HCMC) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីប្រចាំនៅច្រកទ្វារអន្តរជាតិដែលបានបំពេញភារកិច្ចបានល្អ និងប្រកបដោយទំនួលខុសត្រូវ ដោយលោករដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ដល់មន្រ្តីបន្តបំពេញភារកិច្ចឱ្យបានល្អ ជាពិសេសគឺផ្តល់នូវបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិឱ្យកាន់តែរាក់ទាក់ កក់ក្តៅ និងជួយធានានូវសុខសុវត្ថិភាព ព្រមទាំងជួយឆ្លើយតបរាល់បញ្ហាដែលភ្ញៀវទេសចរ និងអ្នកធ្វើដំណើរស្នើសុំជួយសម្របសម្រួល ឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ខ្ពស់៕