ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តស្ទឹងត្រែង ចំនួន៣រូប, មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឲ្យបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ


ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញអធិបតីពិធីប្រកាសចូលកាន់ មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អភិបាលរងខេត្ត ដែលបានប្រកាសចូលកាន់មុខតំណែង នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្ត ការងារ កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍ ឲ្យកាន់តែមានការរីកចម្រើន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុត សំអន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំ ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការនានា ដែលបានដាក់ចេញ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាលក្រុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ។

សូមជម្រាបថា អភិបាលរងខេត្តទាំង៣រូប ដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងនោះរួមមាន៖ ឯកឧត្តម ទូច គង្គា បានផ្ទេរពីក្រសួងមហាផ្ទៃ មកជាអភិបាលរងខេត្តស្ទឹងត្រែង, លោកជំទាវ វិន ស៊ីធួន ពីអភិបាលរងខេត្តមណ្ឌលគីរី មកកាន់មុខតំណែងជាអភិបាលរងខេត្តស្ទឹងត្រែង និងលោក ម៉ែន គុង ជានាយករងរដ្ឋបាលខេត្ត បានកាន់មុខតំណែងជាអភិបាលរងខេត្តស្ទឹងត្រែង៕