នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Amal Talbi ប្រធានកម្មវិធីសកលសម្រាប់វិស័យធនធានទឹកសម្រាប់កសិកម្មនៃធនាគារពិភពលោក(WB) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារពិភពលោក(WB) ព្រមទាំងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារពិភពលោក(WB) សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិជាមួយក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងអភិវឌ្ឍន៍នានាដូចជា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP) គម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា(CASDP) និងការគាំទ្រការបង្កើតគម្រោងសម្រាប់គម្រោងទន្លេសាប ជាដើម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូធនាគារពិភពលោកអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ទៅដល់វិស័យឯកជន ដើម្បីចូលរួមការអភិវឌ្ឍលើគ្រប់វិស័យ តាមយន្តការការចូលរួមពីវិស័យឯក និងភាពជាដៃគូរវាងរដ្ឋនិងឯកជន(ភ.រ.ជ.) ហើយថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយម ក៏បានបង្កើតអង្គភាពគ្រប់គ្រងគម្រោងភាពជាដៃរវាងរដ្ឋនិងឯកជនលើហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹកផងដែរ ដើម្បីទាក់ទាញវិស័យឯកជនចូលរួមវិនិយោគលើការងារប្រតិបត្តិការនិងថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្ដល់សេវាផ្គត់ផ្គង់ទឹកស្រោចស្រពប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារធនាគារពិភពលោក(WB) និងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំការគាំទ្រពីធនាគារពិភពលោកលើការសិក្សាម៉ូដែលគំរូនៃការចូលរួមពីវិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលសមស្របសម្រាប់បរិបទប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ព្រមទាំងការអនុវត្តគំរូគម្រោងសាកល្បងនៃការចូលរួមរបស់វិស័យឯកជនក្នុងម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP) របស់ធនាគារពិភពលោកផងដែរ៕