ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង លេខរៀងទី២០ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ លោក អេង ម៉ាប់ អាយុ៦៣ឆ្នាំ មានពិការភាព និងជាអតីតយុទ្ធដែលមានជីវភាពក្រីក្រ និងបានរងគ្រោះដោយអគ្គិភ័យកន្លងទៅ ស្ថិតនៅភូមិរំចេក២ ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព គ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារមកពីភូមិចំនួន៧ភូមិ ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាក្រុងបាត់ដំបង បានឱ្យដឹងថា ក្រុមគ្រួសារលោក អេង ម៉ាប់ អាយុ៦៣ឆ្នាំ ជាជនមានពិការភាព និងអតីតយុទ្ធ បច្ចុប្បន្នជាសន្តិសុខឯកជន ប្រពន្ធឈ្មោះ ឆាយ ផារី អាយុ ៥៥ឆ្នាំ មុខរបមេផ្ទះ មានកូនចំនួន៤នាក់ គ្រួសារមានជីវភាពក្រីក្រលំបាក និងរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងជាង ១៩:៥៥នាទីយប់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីស្ថិតនៅក្រុមទី ៧ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ភ្លាមៗនោះអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសប្បុរសជនក៏បាននាំយកអំណោយមនុស្សធម៌មកផ្តល់ជូនគ្រួសាររងគ្រោះជាបន្តបន្ទាប់ផងដែរ។ ដោយមើលឃើញពីកាលំបាក និងដោយក្តីអាណិតអាសូរជាពន់ពេក ពីសំណាក់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានសម្រេចផ្តល់ផ្ទះថ្មី១ខ្នង និងបានធ្វើពិធីប្រគល់ទទួលនាពេលនេះ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត អាសូរនិងស្រឡាញ់ចំពោះក្រុមគ្រួសារ លោក អេង ម៉ាប់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់។ លើសពីនេះទៅទៀតឯកឧត្តម បានបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ» ព្រមទាំងចូលរួមអប់រំណែនាំដល់កូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀននិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។
ជាមួយគ្នានេះឯកឧត្តម សុខ លូ ក៏បានគូសបញ្ជាក់ផងដែរថា «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
ជាកិច្ចឆ្លើយតប លោក អេង ម៉ាប់ ក្នុងនាមក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។ លោកក៏បានសន្យាថានឹងខិតខំ ប្រឹងប្រែងបំពេញការងារ និងថែរក្សាផ្ទះថ្មីនេះអោយល្អ គង់វង្សយូអង្វែង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២០ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។ កន្លងមកក្រុមគ្រួសារខាងលើនេះត្រូវបានជួយសម្រាលការលំបាក ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នង រួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី២យួរ, ទឹកស៊ីអុីវ២យួរ, ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស, និងថវិកាមួយចំនួនផងដែរ។ ដោយឡែក លោកយាយ លោកតានិងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបជាមួយចំនួន ៥០គ្រួសារ ដោយមួយ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអុីវ១យួរ, ត្រីខ១យួរ, និងទឹកបរិសុទ្ធ១កេសផងដែរ៕




