នាព្រឹកថ្ងៃទី៤ កញ្ញាឆ្នាំ២០២៥នេះ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” រាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ អាជ្ញាធររាជធានីភ្នំពេញ បានរក្សានូវ សន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ បើទោះបី មានការមានសង្គ្រាមឈ្លានពានពីទាហានថៃ។ ខណៈ មានការប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែន ដែលបង្កឡើងដោយទាហានថៃ រំលោភមកលើបូរណភាពទឹកដីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបាននាំយក អំណោយ ដូចជាចង្ក្រានហ្គាស ចានឆ្នាំងនិងម៉ូតូដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងសម្តេចតេជោហ៊ុន សែននិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារៈផ្សេងៗ ដែលបានមកពីសប្បុរសជនទៅចែក ជូនវីរៈកងទ័ពជួរមុខនិងជនភៀសសឹកចំនួន២១លើក។ បន្ថែមពីនេះ អនុវត្តតាមការចង្អុល ណែនាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៦កក្កដា ដល់ថ្ងៃទី០១កញ្ញាឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានរៀបចំរថយន្តក្រុងសំរាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់ រថយន្តក្រុងរាប់រយគ្រឿង និងបានដឹកពលករមកពីប្រទេសថៃបានចំនួនជាង៥ម៉ឺននាក់។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពបានល្អ ដោយបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មានទាំងបទល្មើស លួច ឆក់ប្លន់និងល្បែងតាមអនឡាញជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានសុំឱ្យមន្ត្រីយើងទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិនិងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពានលើទឹកដីកម្ពុជា។
តាមឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើង ពីការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព នៅរាជធានីភ្នំពេញបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគ និងអ្នកទេសចរណ៍ ទទួលបានភាពកក់ក្តៅ។បានការពារព្រះមហាក្សត្រនិងថ្នាក់ដឹកនាំបាន២០២លើក ប្រកបដោយសុវត្ថិភាព និងបានធ្វើឱ្យបទល្មើសថយចុះ។
មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថាដើម្បីឆ្លើយតបបទល្មើសដែលបានកើតឡើង ស្នងការនគរបាលរាជធានីបានបង្ក្រាបបទល្មើសបាន២២៦ករណី ឃាត់ខ្លួនជនសង្ស័យបាន២៩៩នាក់។ បង្ក្រាបក្មេងទំនើងបាន១០៦ករណីឃាត់ខ្លួនបានជាង៣០០នាក់ បង្ក្រាបល្បែងស៊ីសងបាន១៣២ករណី ឃាត់ខ្លួនបាន២៣៤នាក់។ ពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា៖ យើងបានផ្សព្វផ្សាយគោលនយោបាយនេះ បានចំនួន៦២២លើក ដែលមាន មនុស្សចូលរួមប្រមាណជាង៣៦៧ពាន់នាក់។
ក្នុងឱកាសនោះឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរចំពោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព បានល្អ ដោយមិនមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ជំរុញឱ្យ អាជ្ញាធររាជធានីភ្នំពេញ បន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល ពិសេសនៅតំបន់ស្មុគស្មាញ។ ឯកឧត្ដម ប៊ុន ហុន បានបញ្ជាក់ថា ក្នុងនាម ជាអាជ្ញាធររដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្ត វិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ដែលយើងគ្រប់គ្រង តែមន្ត្រីអនុវត្ត សូមកុំធ្វើជាត្រីងៀត ឆ្លៀតពង៕





