ប្រធានាធិបតីហ្វីលីពីន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតន កោដ្ឋ»


ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។

ឯកឧត្តម ម៉ាកុស ជេអ និងជំទាវទី១ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ច លោកមានជំនួបជាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយនឹងពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរ ទស្សនកិច្ចនេះផងដែរ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ៕