លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសហការី ព្រមទាំងលោកអ៊ំ លោកតាធ្លាក់ស៊ីក្លូនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា អញ្ជើញសមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃនៅវត្ដបទុមវតី ក្នុងពិធីបុណ្យកាន់បិណ្ឌទី១


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងសហការី រួមជាមួយនឹងលោកពូ លោកអ៊ំ លោកតាធ្លាក់ស៊ីក្លូនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ក្នុងឱកាសកាន់បិណ្ឌទី១ នៅវត្តបទុមវតីរាជវរារាម។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត និងសហការី និងលោកពូ លោកអ៊ំ លោកតា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ គង់នៅវត្តបទុមវតីរាជវរារាម និងបានជូនមគ្គផល កុសលផលបុណ្យថ្ងៃបិណ្ឌទី១ ជូនដល់ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នា។

ពិធីខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ស្របពេលដែលប្រជាពលរដ្ឋ ពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងឱកាសកាន់បិណ្ឌទី១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានដឹកនាំសហការីអញ្ជើញក្រាបបង្គំគាល់ និងនាំយកទេយ្យវត្ថុថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញផងដែរ ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ គឺប្រព្រឹត្តចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។

ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕