ប្រធានាធិបតីហ្វីលីពីន៖ ប្រជាជនហ្វីលីពីនជាង ៧០០០នាក់ កំពុងធ្វើការ និងរស់នៅកម្ពុជា ដែលជាស្ពានផ្សារភ្ជាប់រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ


នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា, ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានឱ្យដឹងថា បច្ចុប្បន្ននេះ មានប្រជាជនហ្វីលីពីន ជាង៧០០០នាក់ កំពុងធ្វើការនៅម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ប្រជាជនហ្វីលីពីន គឺជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ បន្ថែមទៀត។

ជាមួយគ្នានេះដែរ ប្រធានាធិបតីហ្វីលីពីន បានទទួលស្គាល់អំពីបញ្ហាប្រឈមលើវិស័យជាច្រើន តាំងពីការជួញដូរមនុស្ស ឧក្រិដ្ឋកម្មសាយប័រ និងឧក្រិដ្ឋកម្មគំរាមកំហែងឆ្លងដែន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជនទាំងពីរ និងសង្គមរបស់ប្រទេសទាំងពីរផងដេរ។

ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរនូវវប្បធម៌ និងសហគ្រាសហ្វីលីពីន យើងរីករាយឃើញ ការផ្លាស់ប្តូរ រវាងប្រជាជនយើងទាំងពីរថែមទៀត»

ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ បានបន្តថា ក្នុងស្មារតីនេះប្រទេសហ្វីលីពីន និងកម្ពុជា បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ និងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិសុខរវាងប្រទេសពីរ ដើម្បីការឆ្លើយតបរួម គឺមានលក្ខណៈរហ័ស ហើយ​នឹងមានលក្ខណៈបង្រួបបង្រួម និងមានប្រសិទ្ធភាព។ ហ្វីលីពីន បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន ឱ្យកាន់តែរលូន។

ប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា ក្នុងនាមជាសមាជិករបស់អាស៊ាន ហ្វីលីពីន និងកម្ពុជា មានតួនាទីលើកម្ពស់មជ្ឈភាពអាស៊ាន ក្នុងបញ្ហាសកលនេះ។ លោកសូមគាំទ្រ ដែលប្រទេសកម្ពុជា គាំទ្រប្រទេសហ្វីលីន ឱ្យធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៦ ខាងមុខនេះ ក៏ដូចជាការស្នើសុំមិនចូលជាសមាជិកមិនអចិន្ត្រៃយ៍របស់ UFC យើងពិភាក្សាអំពីជំហានថ្មីនៃភាពជាដៃគូរវាងហ្វីលីពីន និងកម្ពុជា ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត និងបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ ហើយនឹងការប្តេជ្ញាចិត្តរួម ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់។

គួរឱ្យដឹងថា ប្រទេសកម្ពុជា និងហ្វីលីពីន បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម។ លុះខែកុម្ភៈ ឆ្នាំ១៩៩២ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសហ្វីលីពីន ក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញ។ ចាប់ពីឆ្នាំ១៩៩២មក ទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ត្រូវបានលើកកម្ពស់ និងពង្រីកជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដែលបានធ្វើរួមគ្នានាពេលកន្លងមកនោះ មានដូចជា៖ វិស័យសេដ្ឋកិច្ច, វិស័យសន្តិសុខ និងការពារជាតិ, វិស័យអប់រំ និងសុខាភិបាល, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យកសិកម្ម និងពាណិជ្ជកម្ម, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យបរិស្ថានជាដើម។

ដោយឡែកកាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីនផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ បានមេដឹកនាំកម្ពុជា និងហ្វីលីពីន បានប្រកាសលើកកម្ពស់ទំនាក់ទំនិង និងកិច្ចសហប្រតិបត្តិការលើវិស័យនានាឱ្យកាន់តែល្អប្រសើរថែមទៀត៕