តបតាមការអញ្ជើញរបស់តំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD), ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃ ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និង បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុនសម្រាប់អនាគតនៃការវិនិយោ សកល, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត។
ក្នុងកម្មវិធីបើកជាផ្លូវការនៃសន្និសីទនេះ មានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងការថ្លែងសន្ទរកថាស្វាគមន៍ សន្ទរកថាបើក ពីអគ្គលេខាធិការងនៃ UN និងនាយកកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ, តំណាងពីខេត្ដហ្វូជៀន និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស សន្ទរកថាគន្លឹះ ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន (Uzbekistan) និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងពីព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចបន្ទាប់ ក្នុងការពិភាក្សានេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវទស្សន នៃសក្តានុពលការវិនិយោគសម្រាប់អនាគត តាមរយៈបន្ស៊ីជាមួយនឹងតួនាទីរបស់ធនាគារអភិវឌ្ឍន៍ រួមមានការវិវត្តន៍នៃឧបករណ៍ហិរញ្ញវត្ថុ, យន្តការនៃផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដែលមានប្រសិទ្ធភាព, សារៈសំខាន់នៃបច្ចេកវិទ្យាសម្រាប់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ, និងឧត្តមានុវត្តន៍របស់ធនាគារ ARDB។
បន្ថែមពីនេះ, ក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍ ពិសេសការបង្កើនសមត្ថភាពស្ថាប័ន និងការអនុវត្តកម្មវិធីហិរញ្ញប្បទានរួមគ្នា សំដៅជំរុញផលជះនៃសហថាមពល និងប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន៕