ក្នុងជំនួបជាមួយកាកបាទក្រហមកម្ពុជា! គណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម អះអាងថា វីរកងទ័ពកម្ពុជាទាំង១៨រូបមានសុវត្ថិភាព និងសុខភាពល្អ


នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយ តំណាងគណ:ប្រតិភូ គណ:កម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក​ ចូច​ ម៉ុងតានី​ (​Jurg Montani​)​ ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ប្រចាំទីក្រុងបាងកក ប្រទេសថៃ។

ក្នុងជំនួបនេះ លោកជំទាវអគ្គលេខាធិការ បានលើកឡើងដោយសង្ខេបអំពីសកម្មភាពជាចម្បងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការគាំទ្រជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ជូនដល់គណៈប្រតិភូ (ICRC) មានដូចជា៖ ការផ្តល់អំណោយស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ចាំបាច់, ការចូលរួមសកម្មរបស់យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ក្នុងការផ្សព្វផ្សាយសុខភាពអនាម័យ, ការអប់រំ និងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោម, សកម្មភាពមនុស្សធម៌ផ្សេងៗទៀត ដើម្បីគាំទ្រជីវភាពរបស់ជនភៀសសឹក។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួប, លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានអះអាងថា ប្រធានបេសកកម្ម ICRC ប្រចាំទីក្រុងបាងកក ប្រទេសថៃ ជាលើកទីមួយ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជួបជាមួយលោកជំទាវ ពុំ ចន្ទនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ជំនួបនេះ គឺជាការចាត់ចែងជាផ្លូវការដើម្បីបានដឹងទី១៖ អំពីកិច្ចសហប្រតិបត្តិការកាកបាទក្រហមកម្ពុជា ជាមួយគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងទី២៖ ពាក់ព័ន្ធដំណឹងរបស់យុទ្ធជនកម្ពុជា ចំនួន១៨នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃ។

លោក​ ចូច​ ម៉ុងតានី​ (​Jurg Montani​)​ តំណាង ICRC បានសម្ដែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ចំពោះសកម្មភាពឆ្លើយតបត្រឹមត្រូវ និងទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា ដែលជាគំរូដ៏ល្អ ក្នុងសមាជិករបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ទាំង១៩១ប្រទេស។ លោក​ ចូច​ ម៉ុងតានី​ (​Jurg Montani​)​ បានបញ្ជាក់ថា ក្រុមការងាររបស់លោក បានចុះសួរសុខទុក្ខយុទ្ធជនកម្ពុជាទាំង១៨នាក់ តាមសំណូមពររបស់កាកបាទក្រហមកម្ពុជា និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីភរិយា និងកូនរបស់កងទ័ពទាំង១៨នាក់។

បើតាមការបញ្ជាក់ពី ICRC មកដល់ពេលនេះ វីរយុទ្ធជនកម្ពុជាទាំង១៨នាក់ គឺមានសុខភាពល្អធម្មតា។ ហើយទន្ទឹមនឹងនេះ គាត់ក៏បានសរសេរលិខិតឆ្លើយតបមកក្រុមគ្រួសារគាត់ ដែលនៅក្នុងប្រទេសកម្ពុជាវិញ ដែលនេះជាតួនាទីមួយអព្យាក្រឹតរបស់គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ក៏ដូចជាកាកបាទក្រហមកម្ពុជា ធ្វើការជាមួយគ្នា។ ហើយនេះជាការងារមួយប្រពៃណីរបស់ សមាគមជាតិទូទាំងពិភពលោក សហការជាមួយគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និយាយពីសារលិខិតឆ្លើយឆ្លងនេះ ដើម្បីជូនដំណឹងទោះបីអ្នកនោះ ត្រូវបានចាត់ទុកជាចំណាប់ខ្មាំង ជាឈ្លើយសឹក ឬក៏ជាប់ឃុំឃាំងក៏ដោយ ដែលទាំងនេះត្រូវបានចែងក្នុងសន្ធិសញ្ញាទីក្រុងហ្សឺណែវ (ច្បាប់មនុស្សធម៌អន្តរជាតិ)។

កាកបាទក្រហមកម្ពុជា គ្រាន់តែជាអ្នកជួយសម្របសម្រួល ធ្វើម៉េចឲ្យលិខិតដំណឹងគ្រួសារនេះ ដែលទទួលបានពីសាច់ញាតិរបស់គាត់រស់នៅក្នុងប្រទេសកម្ពុជា ជូនដល់ដៃគាត់ តាមរយៈគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) បានទាន់ពេលវេលា។

លោកបានសង្កត់ធ្ងន់ថា សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងខ្លឹមសារ ក្រៅពីសមីខ្លួន និងក្រុមគ្រួសារគាត់តែប៉ុណ្ណោះ សូម្បីមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនត្រូវបានដឹងនោះដែរ ព្រោះជាការលាក់ការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាព គឺមិនអាចបញ្ចេញច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុងហ្សឺណែវ។

នៅក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូ ICRC បានគូសបញ្ជាក់ថា គាត់បន្តជំរុញភាគីដែលពាក់ព័ន្ធនៅក្នុងជម្លោះប្រដាប់អាវុធនេះ គឺថាគោរពនូវច្បាប់មនុស្សធម៌អន្តរជាតិ ហើយគោរពទៅតាមមាត្រានីមួយៗ ដែលមានចែងនៅក្នុងសន្ធិសញ្ញាទីក្រុងហ្សឺណែវ ឬច្បាប់មនុស្សធម៌អន្តរជាតិនេះ ព្រោះប្រទេសនីមួយៗ ជាហត្ថលេខី នៃអនុសញ្ញាទីក្រុងហ្សឺណែវនេះ៕