ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអាជ្ញាធរទន្លេសាប ដើម្បីពិនិត្យលើកិច្ចដំណើរការការងារ និងការគ្រប់គ្រង


នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំអាជ្ញាធរទន្លេសាប ដើម្បីពិនិត្យលើកិច្ចដំណើរការការងារ និងការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្ម និងការរួបរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរទន្លេសាប សំដៅសម្របសម្រួល និងដឹកនាំគ្រប់គ្រងធនធានធម្មជាតិជីវៈចម្រុះ ក្នុងការគាំពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមសម្រាប់តម្រង់ទិសការងារកំណែទម្រង់ស្ថាប័ន និងការងារគ្រប់គ្រង ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរ និងមានសុក្រឹតភាព ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបានណែនាំឱ្យបន្តការយកចិត្តទុកដាក់ពង្រឹងវិន័យ ពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង និងពង្រឹងសមត្ថភាពរបស់មន្ត្រី ហើយបន្តរក្សាឱ្យបាននូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងស្ថាប័ន ហើយចូលរួមអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ម៉ឺងម៉ាត់និងហ្មត់ចត់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕