ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការងាររៀបចំប្រទីបរដ្ឋបាលរាជធានីភ្នំពេញ


នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការងាររៀបចំប្រទីបរដ្ឋបាលរាជធានីភ្នំពេញ ការងារតុបតែងលម្អតាមសួនច្បារនៅត្រើយខាងកើត ទីតាំងស្នាក់នៅរបស់កីឡាករអុំទូនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្នាក់នៅរបស់បងប្អូនចំណុះទូក រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំធ្វើរោងបែងចែកតាមទូកនីមួយៗ ដោយមានតភ្ជាប់ជូននូវទឹកស្អាត ភ្លើងអគ្គិសនី បង្គន់អនាម័យ បន្ទប់ទឹក និងស្នាក់ការសង្គ្រោះបឋមក្នុងតំបន់នេះផងដែរ។
ក្រោយពីបញ្ចប់ការពិនិត្យទីតាំងព្រះរាជពិធីអុំទូក ឯកឧត្តមអភិបាលក៏បានឆ្លៀតចុះពិនិត្យទីតាំងរៀបចំកម្មវិធីបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុង និងស្ពានដែកបេឡេឆ្លងទន្លេសាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុខ។