នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញនាំយករថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿងប្រគល់ជូនមន្ទីរពេទ្យបង្អែកស្ទោង និងមណ្ឌលសុខភាពឃុំពពក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការលើវិស័យសុខាភិបាល ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីប្រគល់រថយន្ត ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍បញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់នេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងគោលដៅបម្រើសុខភាពសាធារណ: លើកកម្ពស់សេវាកម្មដឹកជញ្ជូនអ្នកជំងឺ ជាពិសេសសម្រាប់ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺ រងគ្រោះថ្នាក់ផ្សេងៗ និងស្រ្តីឆ្លងទន្លេ ដើម្បីទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តសង្គ្រោះនេះ សូមបន្តបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ការពិនិត្យ និងការព្យាលបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសូមចូលរួមជួយថែរក្សារថយន្តសង្គ្រោះនេះឱ្យបានល្អប្រសើរ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួមតរៀងទៅ៕