ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សឃុំហោងសំណំ បានជួបសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ និងមូលដ្ឋានភូមិទាំង៩ ចំនួន១៨០នាក់។
ឯកឧត្តម ប៊ិន ត្រឈៃ បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ថា ត្រូវចុះមូលដ្ឋានជាប្រចាំ ជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិនីមួយៗ ដូចអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានមានប្រសាសន៍ថា ច១ ជ១ គឺចុះជួប ច១ ជ២ គឺចុះជួបជួយ ច២ ជ២ គឺចុះជួបជួយ ចាយ។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារត្រូវចូលរួមប្រជុំប្រចាំខែ ចូលរួមចិញ្ចឹមចលនា ដូចជាការបង់ជីវភាពប្រចាំខែ ដើម្បីប្រើប្រាស់ថវិកាសម្រាប់ការងារគណបក្ស និងសន្សំថវិកាសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ ។
ឯកឧត្តម ប៊ិន ត្រឈៃ បានណែនាំដល់សាខាបក្សភូមិទាំងអស់ ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពក្រុមបក្សឡើងវិញ ពីព្រោះប្រធានក្រុមបក្សខ្លះចាស់ជរា ខ្លះទទួលមរណភាព។ ត្រូវអនុវត្តបញ្ចូលសមាជិកបក្សនៅក្នុងប្រព័ន្ធ Server ឱ្យបានដល់ផែនការ និងលើសផែនការដែលគណបក្សដាក់ជូន។ ត្រូវពង្រឹងគោលជំហរ អនុវត្តតាមកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្ស ដូចជាការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោលនយោបាយសេដ្ឋកិច្ចសង្គមកិច្ច គោលនយោបាយគាំពារសង្គម ប.ស.ស ជាដើម…។
ចំពោះការងារចាត់តាំង និងការកសាងសមាជិកគណបក្ស ត្រូវអនុវត្តជាប្រចាំ ដើម្បីសម្រេចបានឱ្យដល់គោលដៅ ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៨ ខាងមុខ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ប្រជាជនកម្ពុជាទូទាំងប្រទេស និងសហគមន៍ខ្មែរនៅក្រៅប្រទេស បានសាមគ្គីជាធ្លុងមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំប្រកបដោយសក្ដានុពលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកចំពោះការបង្កហេតុជាបន្តបន្ទាប់របស់ភាគីថៃ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌទាំង ១៣ចំណុច មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងប្រជាជនទូទាំងប្រទេស មានការឈឺចាប់ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ ដែលមិនគោរពកិច្ចព្រមព្រៀងទាល់តែសោះ។
មន្ត្រីគណបក្ស សមាជិកគណបក្ស និងប្រជាជនទូទាំងប្រទេស មានជំនឿជឿជាក់យ៉ាងមុតមាំ ចំពោះចំណាត់ការរបស់ប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល៕