លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៧


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសហការី នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងឱកាសរដូវកាលបុណ្យកាន់បិណ្ឌទី៧ នៃភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

ការអញ្ជើញរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបំពេញការងារ លើទឹកដីខេត្តសៀមរាប។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានថ្វាយផ្កាភ្ញីប្រទីបជ្វាលាចំពោះ ព្រះពុទ្ធបដិមា និងធ្វើបទនមស្កាជាកិច្ចរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យពិសេសព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាលបន្សល់ទុកអោយពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។

សទ្ធាដ៏ជ្រះថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសហការី, សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានថ្លែងអំណរគុណ និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតឡើងពីសទ្ធាដ៏ថ្លៃថ្លានាថ្ងៃនេះ ជូនចំពោះវិញ្ញាណក្ខ័ន្ធ ញាតិការទាំង៧សណ្តាន សូមបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។ ព្រមទាំងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី កាលពីពេលថ្មីៗនេះ ដោយជម្លោះព្រំដែន កម្ពុជា-ថៃផងដែរ៕