ឯកឧត្តម កែវ រ៉េមី៖ គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព សូមរួមជួយថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស


ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា គ្មានទេសិទ្ធិមនុស្ស ដរាបណាប្រទេសគ្មានសន្តិភាព ដូចនេះសូមរួមគ្នាខិតខំជួយថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ទន្ទឹមនឹងនោះផងដែរ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការយកចិត្តទុកដាក់ក្នុងណាស់ ព្រមទាំងរិះរកគ្រប់នីតិវិធីដើម្បីឱ្យថ្ងៃធ្វើការដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់ ឱ្យត្រឡប់មកមាតុភូមិយើងវិញ។

សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារនិងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជាការអនុវត្តកតិកាសញ្ញាអន្តរជាតិនេះផងដែរ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ។ សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តតាកែវ និងមានការចូលរួមពីតំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរនិងអង្គភាពជុំវិញខេត្ត និងតំណាងសាលាស្រុក។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយរហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែង រួមជាមួយនឹងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា, បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR), ផ្សព្វផ្សាយឱ្យបានយល់ច្បាស់ពីដំណើរការការពារ និងសេចក្តីអង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌, ផ្សព្វផ្សាយជូនដល់អង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា៖ «សភាពការណ៍នៅលើសកលលោកនាពេលបច្ចុប្បន្នមានទំនោរបង្កាត់ភ្លើងសង្គ្រាម ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងខ្លាំង ព្រោះសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាដែរ ហេតុនេះការចូលរួមថែរក្សា និងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា»។

ប្រធានសិទ្ធិមនុស្សកម្ពុជា បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រឹងប្រែងធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងសុខដុមរមនាក្នុងតំបន់ ព្រោះមានសន្តិភាព ទើបមានលទ្ធភាពក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ក្នុងរយៈពេលចុងក្រោយ អំពើឈ្លានពានពីសំណាក់ប្រទេសថៃលើប្រទេសកម្ពុជា គឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស ដែលមានចែងក្នុងកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមមានសិទ្ធិលំនៅឋាន សិទ្ធិសុខភាព សិទ្ធិទទួលបានការអប់រំ សិទ្ធិការងារជាដើម។

ឯកឧត្តមក៏បានលើកឡើងផងដែរថា កម្ពុជា ជាប្រទេសឈានមុខមួយក្នុងតំបន់អាស៊ាន ដោយបានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំង ពិធីសារបន្ថែមចំនួន៤ទៀតផងដែរ។

បន្ថែមលើនេះកម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ហើយតែងតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាមវិស័យជាបន្តបន្ទាប់ តាមការស្នើសុំ។ កត្តាធំៗទាំងនេះគឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំ និងមិនអាចប្រកែកបានអំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមទេសរដ្ឋនន្ត្រី កែវ រ៉េមី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ចំពោះការស្វាគមន៍ និងកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិដ៏មានសារៈសំខាននេះ។ លោកក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនៅរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅផងដែរ៕