អនុប្រធានព្រឹទ្ធសភា ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តទួលសន្តិវ័ន


ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អមដំណើរដោយសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ក្រុមជំនួយការ អាជ្ញាធរមូលដ្ឋាន រួមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តទួលសន្តិវ័ន ហៅទួលអស់លោក ស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិ៧សន្តាន បុព្វការីជន និងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្តមបណ្ឌិត បានប្រគេនទេយ្យទានដែលជាផលិតផលខ្មែររួមមាន បច្ច័យ សា្លដក អង្ករ ទឹកសុទ្ធ មីជាតិ សាច់ក្រក ដំណាប់ស្វាយ ទឹកត្រី ទឹកស៊ីអ៉ីវ និងបច្ច័យប្រគេនព្រះសង្ឃ ព្រមទាំងជូនថវិកា យាយជី តាជី ប្រជាការពារ រួមទាំងទិញភេសជ្ជៈជូនកុមារជាច្រើននាក់ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញទៅសែនផ្នូរបុព្វការីជន ដែលបានចែកឋានអស់កាលយូរមកហើយ ក្នុងវត្តនេះផងដែរ៕