ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបសម្តែងការគួរសម និងចុះហត្ថលេខាលើកិច្ចព្រមព្រាង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំង២ កម្ពុជា និងឡាវ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។
ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ ដោយនៅពេលចុងក្រោយនេះ កម្ពុជាបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះមានដូចជាការស្ថាបនា ព្រែកជីកហ្វូណនតេជោ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ការស្តារទន្លេ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោដែលបានដាក់ឲ្យដំណើរការ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះជាដើម។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរប្រមាណ១០លាននាក់ នៅក្នុងឆ្នាំ២០២៤ ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីការកើនឡើងភ្ញៀវទេសចរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ។ ផ្លូវថ្មើរជើងថ្មីនេះ បានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន បានសម្ដែងនូវការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយលោកបានលើកឡើងថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្ត ក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។
ឯកឧត្តមបន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឡាវ គឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា បានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសឡាវក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ នេះជាការពូនជ្រុំទំនាក់ទំនង នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរនិងកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន ក៏បានអញ្ជើញឯកឧត្តម ឃួង ស្រេង ដើម្បីដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច នៅទីក្រុងវៀងចន្ទផងដែរ។ ជាការឆ្លើយតប លោក ឃួង ស្រេង បានបញ្ជាក់ថា តបតាមការអញ្ជើញនេះ លោកបានបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពទៅបំពេញទស្សនកិច្ច នៅទីក្រុងវៀងចន្ទ នៅពេលវេលាណាមួយសមស្របខាងមុខនេះ។
រាជធានីភ្នំពេញ និងទីក្រុងវៀងចន្ទ ធ្លាប់បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាម្តងរួចហេីយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។ ការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពឡើងវិញ នៅថ្ងៃនេះ ធ្វើឡេីងក្រោយទទួលបានគោលការណ៍ឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ តាមរយៈការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីឆ្លើយតបនឹងភាពរីកចម្រើន និងការអភិវឌ្ឍគ្រប់វិស័យ របស់រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទ នាពេលបច្ចុប្បន្ននេះ ។
អ្វីដែលត្រូវកក់សម្គាល់ រួមមាន៖
*១៖ កិច្ចព្រមព្រៀងកន្លងមក គឺដេីម្បីផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់របស់ភាគីទាំង២ តែពេលនេះ ការផ្លាស់ប្តូរគណៈប្រតិភូ នឹងធ្វើឡើងគ្រប់កម្រិត ទាំងគណៈប្រតិភូជាន់ខ្ពស់ មន្រ្ដីជំនាញ និងប្រតិភូគ្រប់វិស័យ
*២៖ ភាគីទាំងពីរ នឹងសហការរួមគ្នាលើផ្នែកការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរព័ត៌មាន ដូចជា៖ ទីក្រុងវៃឆ្លាត ចំណេះដឹង ឌីជីថល និងកិច្ចប្រជុំបណ្តាញនានា
*៣៖ ភាគីទាំងពីរ នឹងផ្តល់ការគាំទ្រ និងសម្របសម្រួលដល់មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ព្រមទាំងជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ
*៤៖ ប្រសិនបើមានភាពខុសគ្នាកើតឡើង ក្នុងការបកស្រាយ ឬអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវដោះស្រាយ ដោយមិត្តភាព តាមរយៈការពិគ្រោះយោបល់ រវាងភាគីទាំងពីរ
*៥៖ រាល់អត្ថបទទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងនេះ ត្រូវទុកជានិរាករណ៍ ដោយស្ថិតក្រោមច្បាប់គ្រប់គ្រង និងបទបញ្ញត្តិនៃប្រទេសទាំងពីរ៕