ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយ អាជ្ញាធរស្រុកមុខកំពូល និងស្រុកពញាឮ ខេត្តកណ្តាល


ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកមុខកំពូល និងស្រុកពញាឮ ខេត្តកណ្តាល សរុបចំនួន ២០៥នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបជូនអំពីគោលបំណងនៃពិធីសំ ណេះសំណាលនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំស្រុក ជាពិសេសក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត និងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើប្រធានបទ «វិស័យកសិកម្ម, ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ » ព្រមទាំងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកជំទាវ សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បាន ផ្សព្វផ្សាយអំពីផទ្ធផលនៃកិច្ច ប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាក់ទង់ប្រធានបទ «ប្រព័ន្ធគាំពារសង្គម» ដោយបានលើកឡើងថា ប្រព័ន្ធគាំពារសង្គមបានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ តាមរយៈកម្មវិធីនានារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ លោកជំទាវ បានជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

បន្ទាប់មក លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានធ្វើបទអន្តរាគមន៍ទាក់ទងនឹងប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយបានលើកឡើងអំពីផលប្រយោជន៍ និងសារសំខាន់នៃការចុះឈ្មោះចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ភាពរឹងមាំ ភាពធន់នឹងវិបត្តិ ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន និងមានអ្នកវិនិយោគមកវិនិយោគកាន់តែច្រើន។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបញ្ជាក់បន្ថែមអំពីការងារចុះបញ្ជីអត្រានុកូលដ្ឋាន ដែលមានការផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការធ្វើសំបុត្រអាពា ហ៍ពិពាហ៍ ការធ្វើអត្តសញ្ញាណប័ណ្ណ ការទទួលបានប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)ផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ និងទទួលបានផលប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានជំរុញឱ្យអាជ្ញាធរត្រូវគិតគូរអំពីប្រជាពលករទើបត្រឡប់មកពីប្រទេសថៃ និងជួយរកការងារ ដែលសមស្របនឹងជំនាញរបស់ពួកគាត់។

ជាកិច្ចបន្ត ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗដែលកើតឡើង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសភាពអង់អាចក្លាហានរបស់វីរកងទ័ពយើងក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការឈ្លានពានរបស់កងទ័ពថៃ។

ឯកឧត្តម ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់គ្នា បន្តរួមគ្នាធ្វើពលីកម្ម រែកពុន ប្រឹងប្រែង តស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីប្រែក្លាយទុក្ខលំបាកអស់ទាំងនេះ ទៅជាកម្លាំងសាមគ្គី ឯកភាពជាតិដ៏រឹងមាំ និងជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេ ជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការណ៍រការពារទឹកដី មាតុ ភូមិនេះមិនឱ្យបាត់ បង់សូម្បីតែមួយមីលីម៉ែត្រឡើយ និងដោះស្រាយវិវាទព្រំដែនជា មួយប្រទេសថៃដោយសន្តិវិធី ផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។

បន្ទាប់ពីបានពិភាក្សាគ្នារួមមក ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកប្រធានក្រុមបានលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរទាំងអស់ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង ខិតខំលើកកម្ពស់សមត្ថភាពជាប្រចាំ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ជាពិសេសការទប់ស្តាត់ និងលុបបំបាត់នូវការជួញដូរ ការប្រើប្រាស់គ្រឿងញឿន ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវមូលដ្ឋាន។ ដោយឡែកចំពោះ បញ្ហាប្រឈម និង សំណូមពរនានា ដែលក្រុមប្រឹក្សាឃុំបានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ នឹងនាំយកបញ្ហាទាំងនេះគោរពជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធចាត់វិ ធានការចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែក រំលែកសង្គ្រោះជីវិតសកលកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណា យ ថវិកាសរុបទាំងអស់ចំនួន ១១,៧០៦,០០០រៀល៕