រដ្ឋបាលខេត្តពោធិ៍សាត់ នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ នៅអារាមឃីងសីហនុបារមី ហៅវត្តភ្នំខុស (វត្តធម្មយុត្តិទើបកសាងថ្មី) នាឱកាសបិណ្ឌទី៩


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញនាំយកទេយ្យវត្ថុ រួមមានអង្ករ២០០គីឡូក្រាម, មី៥កេស, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងបច្ច័យ៣លានរៀល ទៅវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌទី៩ នៅអារាមឃីងសីហនុបារមី ហៅវត្តភ្នំខុស (វត្តធម្មយុត្តិទើបកសាងថ្មី) ស្ថិតក្នុងភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណ ទៅដល់បុព្វការីជន និងវីរៈកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារជាតិ និងប្រជាជន។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា វិស័យព្រះពុទ្ធសាសនា ត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័ស ទាំងបរិមាណ និងគុណភាព ហើយកំពុងក្លាយជាកម្លាំងស្នូល នៃសុខដុមនីយកម្ម រវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និងសាសនាសផ្សេងៗទៀត ដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន ក្នុងនោះព្រះពុទ្ធសាសនា បានចាក់ឬសយ៉ាងជ្រៅ ទៅក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជា ដែលជាទីពឹង ដើម្បីស្វែងរកសេចក្តីសុខ សេចក្តីចម្រើន ទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។

ឯកឧត្តមបានជម្រាបជូន អំពីស្ថានភាពដែលកន្លងមកនេះ ប្រទេសជាតិយើងបានធ្លាក់ក្នុងវិបត្តិសង្គ្រាម នៅតាមបណ្តោយព្រំដែន ដែលបង្កឡើងដោយ ភាគីសៀម និងការខិតខំប្រឹងប្រែងឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមនានា ដូចជាស្បៀង សម្ភារ និង ថវិកា ជូនដល់វីរៈកងទ័ពជួរមុខ ជនភៀសសឹក និងគ្រួសារវីរៈកងទ័ពជួរមុខ បានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានឧទ្ទិសនូវកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន និងឥស្សរជន វីរៈជន យុទ្ធជន ដែលបានលះបង់ជិវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានមានប្រសាសន៍ ប្រគេន ​និងផ្តាំផ្ញើដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ត្រូវរួបរួមសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែងព្រះទ័យ និងយកចិត្តទុកដាក់ គ្រប់គ្រងទីវត្តអារាម ថែរក្សាការពារព្រៃឈើ នៅក្នុងបរិវេណវត្ត ដែលមានប្រមាណ២០០ហិកតានេះ ឱ្យបានគង់វង្ស។ ហើយនៅគ្រប់ទីកន្លែង ត្រូវមានអនាម័យបរិស្ថានស្អាតល្អ បន្តការដាំដើមឈើគ្រប់ប្រភេទឡើងវិញ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះថារដូវនេះមានភ្លៀងធ្លាក់ច្រើន ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា៕