ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែង ផ្ដល់អនុសាសន៍ចំនួន៣ ដល់គ្រឹះស្ថានឧត្តមសិក្សាកសិកម្ម។
ការផ្ដល់អនុសាសន៍នេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពតំណាងសម្ដេចនាយករដ្ឋមន្ត្រី ប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
ចំពោះអង្គពិធី លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថាពិធីចែកសញ្ញាបត្រនាដល់ក្មួយៗនិស្សិតទាំង ១,៤៨៧នាក់ នាថ្ងៃនេះ គឺជាសក្ខីភាពមួយ ទៀតនៃជោគជ័យ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងបី ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងលើកទឹកចិត្តឱ្យគ្រឹះស្ថានទាំង៣បន្តកិច្ចខិតខំបន្តទៀត និងសូមផ្តល់នូវអនុសាសន៍មួយចំនួន ដល់គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី និងក្មួយៗនិស្សិត ទាំងអស់ ដូចខាងក្រោម៖
ទី១៖ ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI), បង្កើនសមត្ថភាព សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ, បំពាក់សម្ភារៈឧបករណ៍ចាំបាច់ និងទាញយកសក្តា នុពលឱ្យអស់ពីលទ្ធភាពពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា ទី២ (2nd Higher Education Improvement Project-HEIP 2) ដែលរាជរដ្ឋាភិបាលបានចូលរួមថវិកា វិនិយោគ លើការកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលនិស្សិត ឱ្យស្របទៅនឹងតម្រូវការ ទីផ្សារការងារ។
ទី២៖ ត្រូវបង្កើនការស្រាវជ្រាវ និងអនុវត្តផ្ទាល់ឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់និស្សិត និង ដោយអភិវឌ្ឍមាតិកាស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និង ការអនុវត្តជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យា និងសេវាកម្ម ដើម្បីជួយគាំទ្រ និង ផ្តល់ដំណោះស្រាយដល់កសិករ និងវិស័យឯកជន នៅក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំង ពីការដាំដុះ រហូតដល់ការកែច្នៃជាផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា និង អនុវត្តផ្ទាល់។
ទី៣៖ ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងបច្ចេកទេសដែលទទួលបាន ពីការរៀនសូត្រ ទៅអនុវត្តក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យបានជោគជ័យ។ ទន្ទឹមនឹងនេះ សូមក្មួយៗចងចាំថា ការរៀនសូត្រ មិនមែនមានតែនៅសាលា ឬចប់ត្រឹមពេលទទួល សញ្ញាបត្រនោះទេ។
ការរៀនសូត្រគឺគ្មានដែនកំណត់ ឬទីបញ្ចប់នោះឡើយ ដូច្នេះនៅក្នុង ជីវិតការងារ ក្មួយៗនឹងត្រូវបន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពថែមទៀត ដើម្បីប្រសិទ្ធភាព ការងារ និងប្រាក់ចំណូល និងក្លាយជាពលរដ្ឋសកម្មក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ ជាតិមាតុភូមិកម្ពុជា៕