រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ទីរពេទ្យគ្រប់កម្រិត បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យព្យាបាលជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យគ្រប់កម្រិត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ការងារពិនិត្យ និងធ្វើរោគវិនិច្ឆ័យព្យាបាលជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា។

លើសពីនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបា ជំរុញឲ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បង្កើនសកម្មភាពអប់រំសុខភាព និងការពារទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សានេះ ឱ្យកាន់តែសសាក់សស្រាំ និងរៀបចំយុទ្ធសាស្រ្តជាបន្តបន្ទាប់។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ជាមន្ត្រីឳវាទនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ Zoom ។

ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពអ្នកជំងឺ ដោយត្រូវពង្រឹងការបម្រើសេវា ទាំងការពិនិត្យពិគ្រោះ និងព្យាបាលនៅពេលមកទទួលសេវាពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយជាពិសេសផ្នែកសម្ភព និងស្រ្តី (មុន ក្នុងអំឡុងពេល និងក្រោយពេលសម្រាលកូន) ទារក កុមារ និងមនុស្សចាស់។

ជាមួយគ្នានេះឯកឧត្តមសាស្រ្តាចារ្យ បានជំរុញលើសុវត្ថិភាពអ្នកជំងឺ ដោយការពង្រឹងប្រព័ន្ធព័ត៌មាន ការកត់ត្រាទុក បង្កើនការស្រាវជ្រាវនៅតាមអង្គភាព និងរៀបចំផែនការបណ្តុះបណ្តាលទាំង បច្ចេកទេសព្យាបាល និងការគ្រប់គ្រងប្រើប្រាស់ឱសថឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យក៏បានណែនាំដល់ថ្នាកដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល ត្រូវពន្លឿន និងជំរុញការងារឯកសាររដ្ឋបាល ឱ្យបានលឿនទាន់ពេលវេលា និងការបម្រើសេវាច្រកចេញចូលជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ផ្នែកទំនាក់ទំនងត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍឱ្យបានជាប់លាប់ និងកៀងគរឱ្យមានការចូលរួមពីដៃគូ៕