ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្តទៅព្រឹកថ្ងៃអង្គារទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជាតិយើង ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។ ពិធីនេះមិនត្រឹមតែជាការបង្ហាញនូវ ជំនឿសាសនា តាមរយៈការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់ជីដូន ជីតា បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះទេ តែវាក៏ជាឱកាសសម្រាប់បងប្អូនកូនចៅបានជួបជុំគ្នា ប្រមូលផ្ដុំសាមគ្គីភាព និងបង្ហាញពីការដឹងគុណចំពោះ អ្នកមានគុណផងដែរ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសុខសន្តិភាព ដែលជាកត្តាចម្បងបំផុត នៃការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត អាចប្រារព្ធពិធីបុណ្យប្រពៃណីនានា ប្រកបដោយបរិយាកាសរីករាយ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តវេនដ៏ឆ្នើម ដែលបានបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍រីកលើគ្រប់វិស័យ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពកក់ក្តៅ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥រោច (ថ្ងៃភ្ជុំបិណ្ឌ)។ រយៈពេលនេះ វត្តអារាមនានានៅទូទាំងប្រទេសតែងតែទទួលបាន ការចូលរួមយ៉ាងផុសផុលពីសំណាក់ពុទ្ធបរិស័ទ ក្នុងការធ្វើចង្ហាន់ វេរភត្តាហារ និងបច្ច័យបួន ជូនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន៕