ក្នុងដំណេីរទស្សនកិច្ចចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Astushi Sakai តំណាងទីភ្នាក់ងារសមាគមទេសចរណ៍ជប៉ុន (JATA) និងសហការី អំពីការបង្កេីតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents)។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិដែលត្រូវបានផ្តល់កិច្ចធានាដោយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនតំណាងសមាគមទីភ្នាក់់ងារទេសចរណ៍ជប៉ុន ពីសក្តានុពលទេសចរណ៍កម្ពុជាដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគលើវិស័យទេសចរណ៍យ៉ាងច្រើន ពីវិនិយោគិនបរទេស និងការចាប់ដៃសហការគ្នារវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ដើម្បីរៀបចំ Famtrip មកប្រទេសកម្ពុជា ជួបពិភាក្សាគ្នាបង្កើតជាកញ្ចប់ទស្សនកិច្ច។
ភាគីទាំងពីរ បានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents-JATA) ត្រូវបានបង្កេីតឡេីងតាំងពីឆ្នាំ១៩៥៩ ហេីយមានសមាជិកជាក្រុមហ៊ុនទេសចរណ៍ធំៗ ជាង ១,១០០ ក្រុមហ៊ុននាពេលបច្ចុប្បន្ន៕