លោកជំទាវបណ្ឌិត ជា សិរី៖ បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមភាពចាំបាច់ មិនមែនតាមទំនើបនិយមទេ ពោលបច្ចេកវិទ្យាត្រូវបំពេញតម្រូវការជាក់ស្តែង កសាងទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមភាពចាំបាច់ មិនមែនតាមនវនិយមទេ (ទំនើបនិយម) ពោលបច្ចេកវិទ្យាត្រូវបំពេញតម្រូវការជាក់ស្តែង កសាងទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន។

ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបានអញ្ជើញចូលរួមជាវាគ្មិនគន្លឹះ ក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការផ្សារភ្ជាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ទំនុកចិត្ត និងបទប្បញ្ញត្តិ» ក្នុងវេទិកាហិរញ្ញវត្ថុអាស៊ីលើកទី៥ ស្តីពី «Positioning for the Future»រៀបចំនៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងកិច្ចពិភាក្សានោះលោកជំទាវបណ្ឌិត ជា សិរី បានសង្កត់ធ្ងន់ថា «បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុត្រូវបានវាយតម្លៃតាមភាពចាំបាច់ មិនមែនតាមនវនិយមទេ ពោលគឺបច្ចេកវិទ្យាត្រូវបំពេញតម្រូវការជាក់ស្តែង កសាងទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន។ ក្នុងនោះលោកស្រីបណ្ឌិតទេសាភិបាល បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរៀបចំប្រព័ន្ធហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន រហ័ស ត្រឹមត្រូវ និងមានភាពធន់គ្រប់គ្រាន់ ដើម្បីលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា»

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងរំលេចពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដល់អង្គវេទិកាផងដែរ។ គោលនយោបាយនេះកំណត់យកបរិយាបន្នកម្មជាស្នូល នៃបរិវត្តកម្មឌីជីថលនៃប្រទេសកម្ពុជា មិនមែនជាលទ្ធផល ប៉ុន្តែជាគោលការណ៍នៃការរៀបចំ។ បរិយាបន្នកម្មមិនមែនជាគោលបំណងផ្នែកសប្បុរសធម៌ ប៉ុន្តែជាភាពចាំបាច់ផ្នែកយុទ្ធសាស្ត្រ៕