ជំនួបជាមួយប្រតិភូសភាសហរដ្ឋអាមេរិក, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យអាមេរិកផ្ដល់ជំនួយបច្ចេកទេស លើវិស័យសំខាន់ៗមួយចំនួន


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (U.S. Congressional Delegation) ដឹកនាំដោយលោក Adam Smith សមាជិកសភាតំណាងរដ្ឋ Washington ព្រមទាំងមានការចូលរួមពី លោក Michael Baumgartner សមាជិកសភាតំណាងរដ្ឋ Washington និងលោកស្រី Chrissy Houlahan, សមាជិកសភាតំណាងរដ្ឋ Pennsylvania, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការីអមដំណើរទស្សនកិច្ចនេះ ។

ជាមួយនឹងការស្វាគមន៍ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាបាននូវចលនការកំណើន ក្នុងរយៈកាលជាង ៣ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ។

ក្នុងនោះផងដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម។

បន្ថែមពីនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានលើកឡើងពីភាពចាំបាច់របស់កម្ពុជា ក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនបន្ថែមទៀត តាមរយៈការអភិវឌ្ឍសមត្ថភាពស្ថាប័ន, ការ-ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងបានស្នើឱ្យសហរដ្ឋអាម៉េរិក បន្តផ្ដល់នូវជំនួយបច្ចេកទេស ជាពិសេសលើការអភិវឌ្ឍវិស័យអប់រំ, ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងសុខាភិបាលជាដើម។

ឆ្លៀតក្នុងឱកាសនេះ, ប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ កសាងប្រទេសជាតិឱ្យមានការរីកចម្រើន ។

ទន្ទឹមនេះ ប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថាសហរដ្ឋអាម៉េរិក និងកម្ពុជា នឹងបន្តរឹត-បន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តដោះស្រាយ និងរក្សាឱ្យបាននូវស្ថិរភាពនៃការ-អនុវត្តពន្ធគយបដិការ ដើម្បីបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល, និងការលើកកម្ពស់បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងជូនពរលោក Adam Smith និងគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ៕