សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តម ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ក្នុងនាមអង្គនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមសម្តែងនូវអំណរសាទរអស់ពីដួងចិត្តចំពោះ ឯកឧត្តម បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៧៦ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន។
ខ្ញុំសូមកោតសរសើរចំពោះជោគជ័យដ៏ធំធេងរបស់ចិន ក្នុងការសម្រេចបាននូវគោលដៅនៃសតវត្ស ទី១ នៃការកសាងសង្គមមានវិបុលភាពកម្រិតមធ្យម ក្នុងគ្រប់ទិដ្ឋភាព និងកំពុងឈានជាលំដាប់ឆ្ពោះទៅរក គោលដៅសតវត្សរ៍ទី២ នៅឆ្នាំ២០៤៩ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យបក្សកុម្មុយនីស្តចិន និងរបស់ ឯកឧត្តម។ សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបានលើកកម្ពស់ធំធេងចំពោះសុខុមាលភាពរបស់ប្រជាជន ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង ក្នុង ទ្វីប និងពិភពលោក។
កម្ពុជា ជានិច្ចកាលផ្តល់តម្លៃចំពោះមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយចិន ដែលកាន់តែរីកចម្រើនលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយ ជោគជ័យរបស់ ឯកឧត្តម មកកាន់ប្រទេសកម្ពុជាកាលពីខែមេសាកន្លងទៅនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់យើង ដែលពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែលមិនអាចបំបែកបាន រវាងប្រទេសទាំងពីរ និងការជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យ ថ្មី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ។
ខ្ញុំសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជន ប្រជាជាតិ និងបក្សយើងទាំងពីរ។
សាជាថ្មីម្តងទៀត ខ្ញុំសូមជូនពរឯកឧត្តម ទទួលបាននូវសព្វសាធុការពរ សុខភាពល្អ និងជោគជ័យ កាន់តែត្រចះត្រចង់ និងសូមជូនពរប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបាននូវសុខុមាលភាព និង វិបុលភាព»៕