ប្រមុខការទូតកម្ពុជា ប្រាប់មេដឹកនាំនៅក្នុងកិច្ចប្រជុំមហាសន្និបាត UN ថា ថៃជាអ្នកបាញ់មុន នៅអានសេះ ហើយទាហានកម្ពុជា មិនបានបាញ់តបនោះទេ គឺរក្សាភាពអត់ធ្មត់ ដោយប្តេជ្ញាចិត្តយ៉ាងមុះមត់ចំពោះសន្តិភាព


ឯកឧត្តមឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់មេដឹកនាំនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅតំបន់អានសេះ ខេត្តព្រះវិហារ ប៉ុន្តែកងទ័ពកម្ពុជា មិនបានបាញ់តបនោះទេ គឺរក្សាភាពអត់ធ្មត់ ដោយប្តេជ្ញាចិត្តយ៉ាងមុះមត់ចំពោះសន្តិភាព។

ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តមឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អរគុណណាស់ចំពោះបទឈប់បាញ់ តាមយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជន ស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក។

ការបញ្ជាក់បែបនេះរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថាក្នុង​ឱកាស​សម័យ​ប្រ​ជុំ​លើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «រួមគា្ន​ដើម្បី​ភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិ​មនុស្ស»

នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ, ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខការបង្ករឿង និងការរំលោភបំពានម្តងហើយម្តងទៀត។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ មានការវាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា កងកម្លាំងរបស់កម្ពុជាបានបើក ការបាញ់ប្រហារមុន។ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព»។

ជាមួយគ្នានេះដែរ ឯកឧត្តមឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្តពីប្រទេសទាំង ពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារស្ថានភាពដូចដើមឡើងវិញក៏ដោយ។ ជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ចព្រមព្រៀង ត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្តែង។ គួរឱ្យសោកស្តាយការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ច ខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។

ឯកឧត្តមឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្តេញពលរដ្ឋកម្ពុជាដោយបង្ខំការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សមកហើយ។ ការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែនបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទ ឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀតពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរ។

ប្រមុខការទូតកម្ពុជា បានចាត់ទុកថាទង្វើខាងលើនេះបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន។ ក្នុងស្មារតីដូចកាលពីបានបញ្ចប់សង្គ្រាមជិតបីទស្សវត្សរ៍កន្លងមក កម្ពុជាសូមអំពាវនាវឱ្យមានកិច្ចសន្ទនាការដោះស្រាយជម្លោះដោយសន្តិវិធីដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ទន្ទឹមនឹងនេះដែរ ប្រមុខការទូកម្ពុជា បានបញ្ជាក់ថា កម្ពុជាស្នើសុំដោយស្មោះត្រង់នូវការបន្តគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។ កម្ពុជាជាប្រទេសតូចផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ ខណៈពេលដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងការប្រើប្រាស់កម្លាំងគឺជាជម្រើសចុងក្រោយបំផុត។

កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវតែមានការកែទម្រង់អង្គការដ៏ឧត្តមនេះ។ កម្ពុជាគាំទ្រកំណែទម្រង់ដែលមានលក្ខណៈជាក់ស្តែង និងតាមដំណាក់កាលជាបន្តបន្ទាប់សំដៅជួយពង្រឹងប្រសិទ្ធភាព តែមិនធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិឡើយ៕