ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិកម្ពុជា ស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យលើភស្តុតាងនានា ដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ មកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុតនោះ, ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ដែលជាអ្នកជំនាញបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅយប់ថ្ងៃទី២៧ ខែកញ្ញានេះ បានបង្ហោះសារគាំទ្រជំរុញឱ្យមានការធ្វើកោសល្យវិច័យលើសំណល់គ្រាប់ និងរណ្តៅគ្រាប់ ដើម្បីបញ្ជាក់ការពិតតើអ្នកណាបាញ់មុន?
ឯកឧត្តម ហេង រតនា បានសរសេរបង្ហោះខ្លឹមសារដូចខាងក្រោម៖
ករណីការបាញ់ផ្លោងរបស់ទាហានសៀម មកលេីបូរណភាពទឹកដីកម្ពុជា និងកងកម្លាំងកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ជាការបាញ់លេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ! ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ។
ករណីបាញ់ផ្លោងនៅថ្ងៃនេះ ដូចគ្នាករណីទាហានសៀមបាញ់តែម្នាក់ឯង មកលេីតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥៖០១ ទៀបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធ។ បាញ់ម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ!!។
ដូចប្រសាសន៍របស់សម្តេចតេជោ ផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះ មានសារសំខាន់ណាស! ករណីនៅថ្មដា កម្លាំងអង្គភាព CMAC បានសហការជាមួយកងទ័ពចុះហ៊ុំពន្ធ័រណ្តៅគ្រាប់និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោងប្រភេទ១០៥មម ចំនួន៦រណ្តៅដែលផ្ទុះទាំងអស់ (លេី២១គ្រាប់ដែលបានបាញ់) ដោយវិភាគអំបែងគ្រាប់១០៥មមនោះ អ្នកបច្ចេកទេសបានដឹងថា មានគ្រាបផ្លោង១០៥មមចំនួន៤គ្រាប់ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុល WP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង។ តាមរយ:ការវិភាគនេះ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា ហេីយអ្នកណាជាអ្នកប្រេីប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់!។
ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា សៀមជាអ្នកបាញ់មកលេីទឹកដីកម្ពុជា ហេីយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត!! ។ ដូចនេះ ករណីផ្ទុះអាវុធនៅថ្ងៃនេះ ក៏ដូចគ្នាដែរ គឺសៀមជាអ្នកបាញ់ ដូចនេះសៀមបាញ់មុន ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង!៕