សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក៏ពិតមែនតែនេះក៏ជាកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកដំបូងមួយ ក្រោយពីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ត្រូវបានរៀបចំចេញជារូបរាង និងមានគ្រប់សមាសភាព ហើយស្ថិតក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ក្រោយអាណត្តិទី៣ បានបញ្ចប់ដោយជោគជ័យ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៤ ត្រូវបានរៀបចំជាថ្មី តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៥/១១១០ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ហើយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ចំនួន ៩រូប ត្រូវបានបន្តអាណត្តិជាថ្មី និងសមាជិកថ្មី ២រូបទៀត ត្រូវបានតែងតាំងជាថ្មី ដែលជ្រើសតាំងដោយព្រឹទ្ធសភា ១រូប និង ១រូបទៀតជ្រើសតាំងចេញពីគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ បន្ទាប់ពីប្រារព្ធពិធីសច្ចាប្រណិធានមុនចូលកាន់តំណែងនៅព្រះបរមរាជវាំងហើយភ្លាម សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ដែលមានគ្រប់នីតិសម្បទាទាំង ១១រូប បានប្រជុំនៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ តាមការកោះអញ្ជើញរបស់លោកបណ្ឌិត ហេង វង្សប៊ុនឆាត សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ដែលមានវ័យចាស់ផងនោះ ដើម្បីដំណើរការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ក.ជ.ប.ព. ឱ្យស្របតាមមាត្រា៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ដោយសុទ្ធតែបានទទួលសម្លេងគាំទ្រជាឯកច្ឆន្ទ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជ្រើសតាំង ជាប្រធាន និងលោក តុប សំជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) ហើយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៥/១១៥២ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក៏បានប្រថាប់ត្រាតែងតាំងសម្តេចកិត្តិសង្គហបណ្ឌិត ជាប្រធាន និងលោក តុប សំ ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ព្រះរាជក្រឹត្យ និងអនុក្រឹត្យតែងតាំងជំនួយការសម្តេចកិត្តិសង្គហបណ្ឌិត អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) ក៏ត្រូវបានរៀបចំ និងផ្សព្វផ្សាយជូនដល់គ្រប់សាមីខ្លួន។
និយាយជារួមភារកិច្ចធំៗ សំខាន់ៗចាំបាច់មិនអាចខ្វះបានក្នុងការរៀបចំដំណើរការតាំងពីការរៀបចំលិខិតបទដ្ឋាន ដំណើរការរៀបចំពិធីសច្ចាប្រណិធាន ការប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) លើកទី១ ដើម្បីដំណើរការបោះឆ្នោត ។ល។ និង ។ល។ បានដំណើរការដោយរលូន ជាមួយស្មារតីសាមគ្គី និងឯកភាពគ្នាខ្ពស់។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំ ក.ជ.ប.ព. អាណត្តិទី៤ លើកទី២នេះ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានរបៀបវារៈ ២ធំៗ សម្រាប់យកមកពិនិត្យ៖
ទី១៖ ឆ្លងផែនការយុទ្ធសាស្ត្រ និងនយោបាយប្រឆាំងអំពើពុករលួយ និងផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ (២០២៥-២០៣០)
ទី២៖ របាយការណ៍ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់ – UNCAC) ជុំទី២។
បន្ទាប់ពីសេចក្តីរាយការណ៍អំពីផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ សេចក្តីរាយការណ៍អំពីរបាយការណ៍ការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ជុំទី២ ក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយបានផ្តល់មតិជាបន្តបន្ទាប់ ហើយជាយោបល់របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) យល់ថា ឯកសារផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៤ ត្រូវបានកែសម្រួលច្រើនលើកពីសំណាក់ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ប៉ុន្តែគប្បីត្រូវការពេលវេលាបន្តិចទៀត ដើម្បីគណៈលេខាបូកសរុបជាចុងក្រោយ និងកែសម្រួលតាមយោបល់ពិភាក្សាពិនិត្យ មុននឹងអនុម័ត និងផ្សព្វផ្សាយជាសាធារណៈ៕