ឯកឧត្ដម ឆាយ ឫទ្ធិសែន​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ


រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ៩ខែ តាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ដោយសម្រេចបានវឌ្ឍនភាពជារួមក្នុង ៨១,៥១% ព្រមទាំងការលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ បន្ទាប់មក អង្គប្រជុំបានធ្វើការពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមទៀត ដើម្បីឱ្យរបាយការណ៍មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយផែនការដែលបានដាក់ចេញមានលក្ខណៈច្បាស់លាស់ និងងាយអនុវត្តសម្រេចបានជោគជ័យ។

តាមរយៈរបាយការណ៍ដែលសម្រេចបាន ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈស្របតាមផែនការដែលបានគ្រោងទុក។ ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលបាននិងកំពុងកើតមានជាបន្ដបន្ទាប់ទាំងអស់នេះ គឺដោយសារកត្តាប្រទេសជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបន្ដវេនប្រកបដោយថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៀត សមិទ្ធផលទាំងនេះ កំពុងចូលរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបន្ដយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាព ស្របតាមកម្មវិធីអាទិភាពទាំង ៥របស់ក្រសួង ឱ្យបានសម្រេចសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត៕