ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បើកវេទិកាការងារ នៅស្រុកពញាឮ ខេត្តកណ្តាល និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ


ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលកម្មវិធីនេះបានរៀបចំ នៅជើងភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកពញាឮ លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុន ព្រមទាំងបងប្អូន ពលរដ្ឋ និងពលករដែលបានវិលមកពីប្រទេសថៃចូលរួមប្រមាណ ៣០០នាក់។

ឯកឧត្តមបានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជានិយាយជារួម ក៏ដូចជានៅខេត្តកណ្តាលនិយាយដោយឡែកមិនខ្វះទេឱកាសធ្វើការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌,បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការ លើកម្ពុជា មកនៅ ១៩ភាគរយ តែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា និងអាចទាក់ទាញអ្នកវិនិយោគិនច្រើនបន្ថែមទៀតនាពេលអនាគត ដែលនិងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវកម្លាំងពលកម្មច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ៕