នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដើម្បីអបអរសាទរ ទិវាមនុស្សចាស់ជាតិ និង អន្តរជាតិ ថ្ងៃទី០១ តុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួង សុខាភិបាល និង ជាអនុប្រធាន គណៈកម្មាធិការជាតិ ដេីម្បី មនុស្ស ចាស់ ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះ មូលដ្ឋាន ឃុំ ហោងសំណំ ហើយ និង ជា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជេីញ ជាអធិបតី ក្នុងទិវា មនុស្សចាស់ កម្ពុជា និងអន្តរជាតិ ដែលប្រព្រឹត្តិ ទៅនៅបរិវេណ សាលាឃុំ ហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋ វ័យ ចាស់ អាយុ ចាប់ ពី ៦០ឆ្នាំ ឡើង ចំនួន ២៤៧នាក់ បាន ត្រូវ អញ្ជើញ ចូលរួមនិង ទទួលការពិនិត្យ ព្យាបាល ដោយឥតគិតថ្លៃ ដែល ជាអំណោយ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងទទួលបានអំណោយ ជាឃីតម្នាក់ៗមួយ កញ្ចប់ មាន មី ទឹក ផ្លែ ឈើ ទឹក ក្រូច ទឹក សុទ្ធ ទឹកដោះគោ ខាប់ និង នំ ប៉ាវ ។
ក្រុម ការងារ គ្រូពេទ្យ បានអប់រំ សុខភាព និង បង្រៀនពីការ សង្គ្រោះ បឋម ពិនិត្យ ព្យាបាល ជំងឺ ទូទៅ បាន២៤៧នាក់ ច្រមុះ ត្រចៀក បំពង់ ៣១នាក់ អេកូ សាស្ត្រ ៣៨នាក់ ។
ក្នុងឱកាស ដ៏មហោឡារិកនេះ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បាន ផ្តាំផ្ញើរ ការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែ គិតគូរពីសុខទុក្ខ សុខភាព និង ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋជាពិសេសមនុស្សមានវ័យចំណាស់ និងជូនពរ អ៊ុំ ពូ មីង មានសុខភាពល្អ ជន្មាយុយឺនយូរ មានសេចក្ដីសុខសុភមង្គល ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បាន លើក ឡើង ថា ទិវាមនុស្សចាស់ជាតិ និង អន្តរជាតិ ១ តុលា លេីកទី ២៧ ឆ្នាំ ២០២៥នេះ មាន ប្រធាន បទ «មនុស្ស ចាស់ ដោយ សេចក្ដី ថ្លៃថ្នូរ »។
ប្រទេសកម្ពុជា បានកំណត់ថាជាមនុស្សវ័យចាស់ គឺជាអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង(គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់)។ វ័យចាស់ត្រូវបានចែកចេញជាបីដំណាក់កាល គឹចាស់ក្មេង(អាយុចាប់ពី៦០ឆ្នាំ ទៅ៧៤ឆ្នាំ) ចាស់កណ្តាល(អាយុចាប់ពី៧៥ឆ្នាំទៅ៨៤ឆ្នាំ) និងចាស់ជរា (អាយុចាប់ពី៨៥ឆ្នាំឡើង)។ មនុស្សចាស់គឺជាអ្នកមានគុណូបការៈដល់យើងទាំងអស់គ្នា ដែលមិនអាចកាត់ថ្លៃបាន។ បុព្វបុរសខ្មែរបានបង្កើតនូវស្នាដៃ ដ៏ច្រើនលើសលប់ ឥតគណនា បន្សល់ទុកជាកេរ្តិ៍មរតកប្រកបដោយមោទនភាព ដល់កូនចៅជំនាន់ក្រោយ។
ការរក្សាបាននូវទឹកដីឱ្យស្ថិតនៅគង់វង្ស កសាង និងបង្កើតសម្បត្តិបិតិកភ័ណ្ឌ វប្បធម៌ទាំងរូបិយ៍ និងអរូបីយ អក្សរសាស្ត្រ សិល្បៈ កីឡា ប្រពៃណី ទំនាមទំលាប់ដ៏ល្អផូផង់ ។ល។ ដែលស្ថិតស្ថេរ និងផ្តល់អត្ថប្រយោជន៍ដល់សព្វថ្ងៃ គឺជាភស្តុតាង ដែលមិនអាចប្រកែកបាន។ សន្តិភាពដែលប្រទេសកម្ពុជាទទួលបានសព្វថ្ងៃនេះ គឺជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់ក្រុមអ្នកស្នេហាជាតិ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមជាតិ ប្រឹងប្រែងថែរក្សាស្ថេរភាពនយោបាយឱ្យមានលំនឹង និងខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកចម្រើនលូតលាស់ ហើយដែលសព្វថ្ងៃនេះ ពួកគាត់ទាំងអស់នោះបានឈានចូលវ័យចាស់អស់ទៅហើយ ដែលយើងទាំងអស់គ្នាត្រូវចងចាំង និងគោរពដឹងគុណជានិច្ច មិនអាចធ្វេសប្រហែសឡើយ។
ចំនួន និងសមាមាត្រ របស់មនុស្សវ័យចាស់ក្នុងចំណោមប្រជាជនទូទៅ បាននិងកំពុងមានការកើនឡើងជាលំដាប់នៅទូទាំងពិភពលោក ដែលជាលទ្ធផលនៃកត្តារួមផ្សំគ្នារវាងការធ្លាក់ចុះយ៉ាងលឿននូវអត្រាកំណើត និងការកើនឡើងយ៉ាងឆាប់រហ័សនូវអាយុកាលសង្ឃឹមរស់របស់ប្រជាជន។ នៅឆ្នាំ២០៥០ នៅលើពិភពលោក ប្រជាជន១រូបក្នុងចំណោម៥រូប គឺជាមនុស្សវ័យចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ និន្នាការ ស្របគ្នាទៅនឹងសកលលោក ប្រជាសាស្ត្រមនុស្សវ័យចាស់នៃប្រទេសកម្ពុជា មានការវិវត្តគួរឱ្យកត់សំគាល់។
មនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងដល់១១.១% នៅឆ្នាំ២០៣០ ហើយចំនួននេះនឹងកើនដល់៥លាននាក់តំណាងឱ្យ២១%នៃប្រជាជនកម្ពុជាសរុប នៅក្នុងឆ្នាំ២០៥០ នេះសរបញ្ជាក់យ៉ាងច្បាស់ពីការប្រកាន់យកមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចំរើនលូតលាស់លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ធ្វើឱ្យប្រជាជនទទួលបាននូវសុខភាព ល្អ និងរស់នៅប្រកបដោយសុខុមាលភាព ដែលធ្វើឱ្យអាយុកាលសង្ឃឹមរស់របស់ប្រជាជនមានការកើនឡើងជាលំដាប់។
ទោះជាយ៉ាងណាក៏ដោយ កាន់តែចូលវ័យចាស់ ភាពងាយរងគ្រោះផ្នែកសុខភាពរបស់មនុស្សក៏កាន់ តែកើនឡើងដែរ។ ក្រៅពីជំងឺមួយចំនួនដែលមនុស្សចាស់អាចទទួលរងដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ាំ កង្វះអាហារូបត្ថម្ភ និងជំងឺឆ្លងផ្សេងៗ ពួកគាត់ក៏ប្រឈមមុខផងដែរទៅនឹងការធ្លាក់ចុះនូវសមត្ថភាពមុខងារនៃសរីរាង្គ ដូចជា ធ្លាក់ចុះនូវសមត្ថភាពគម្ហើញ បាត់បង់សមត្ថភាព នៃការស្តាប់ ការធ្វើចលនាមានកម្រិតដោយសារកម្លាំងសាច់ដុំចុះខ្សោយ វិបត្តិសុខភាពផ្លូវចិត្ត ការកើនឡើងនូវការភ្លេចភ្លាំង និងវង្វេងវង្វាន់ បញ្ហាសុខភាពមាត់ធ្មេញ និងការប្រឈមទៅនឹងការដួលដែលងាយនឹងបង្កការបាក់ឆ្អឹង។
ការកើនឡើងនូវចំនួនប្រជាជនវ័យចាស់ បង្កឱ្យមានជាការប្រឈម និងបង្កើនបន្ទុកដល់ប្រព័ន្ធសុខា ភិបាល ដែលតម្រូវឱ្យមានការថ្លឹងថ្លែងឡើងវិញ ប្រកបដោយសមភាព នូវធនធានសេវាថែទាំសុខភាពសម្រាប់ មនុស្សគ្រប់វ័យ ហើយការផ្លាស់ប្តូរជាមូលដ្ឋាន នូវដំណោះស្រាយផ្នែកសុខភាពសាធារណៈចំពោះមនុស្សចាស់ គឺជាការចាំបាច់ ដែលមិនអាចជៀសរួច។
ការថែទាំសុខភាពមនុស្សចាស់ គឺជាការវិនិយោគផ្នែកមូលធនមនុស្ស និងសង្គម និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(SDGs) និងស្របទៅតាមគោលនយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាបាល។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការថែទាំមនុស្សចាស់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងថ្ងៃទិវាមនុស្សចាស់កម្ពុជា និងពិភពលោក បានអំពាវនាវស្នើសុំឱ្យមានការយកចិត្តទុកដាក់ចំពោះការថែទាំមនុស្សចាស់ជាទូទៅ និងជាពិសេសមនុស្សចាស់ដែលជរា និងគ្មានទីពឹង។
រាជរដ្ឋាភិបាលបានបង្កើតឱ្យមានជាគណកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការអន្តរវិស័យសម្រាប់ថែទាំមនុស្សចាស់ក្នុងប្រទេសកម្ពុជា បានបង្កើតឱ្យមាននូវមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ហើយមជ្ឈមណ្ឌលព្យាបាលមនុស្សចាស់ព្រះសីហនុរាជ ត្រូវបានបង្កើតឡើងនៅរាជធានីភ្នំពេញ ក្រោមអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ។
រាជរដ្ឋាភិបាលបានបង្កើតឱ្យមាននូវគោលនយោបាយគាំពារសង្គម ដែលក្នុងនោះមនុស្សចាស់គឺជាក្រុមងាយរងគ្រោះ ស្ថិតក្នុងអាទិភាពមួយនៃគោលនយោបាយនេះ និងបានសម្របសម្រួលការបង្កើតឱ្យមាននូវសមាគមមនុស្សចាស់នៅថ្នាក់ឃុំ ភូមិ ដើម្បីឱ្យមនុស្សចាស់អាចជួយគាំទ្រគ្នាទៅវិញទៅមក។
ឆ្លើយតបនឹងការថែទាំសុខភាពមនុស្សចាស់ ក្រសួងសុខាភិបាលបានរៀបចំឱ្យមាននូវគោលនយោបាយ និងយុទ្ធសាស្ត្រជាតិថែទាំសុខភាពមនុស្សចាស់ឆ្នាំ២០១៦ បង្កើតឱ្យមានជាគណៈកម្មការសុខភាពមនុស្សចាស់ និងក្រុមការងារបច្ចេកទេសសុខភាពមនុស្សចាស់សម្រាប់ជាយន្តការក្នុងការអនុវត្តការងារ។
ក្រសួងក៏បានរៀបចំផែនការសកម្មភាពសុខភាពមនុស្សចាស់សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ និងបានដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព នៃការអនុវត្តគោលនយោបាយជាតិដើម្បីមនុស្សចាស់ ឆ្នាំ២០១៧-២០៣០ របស់រាជរដ្ឋាភិបាល៕