រដ្ឋមន្ត្រីការបរទេសថ្មីឡើងកាន់តំណែង


     រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ថ្មី បាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​៥​ ខែ​មេសា​នេះ​ហើយ ​ក្រោយ​ការ​អនុ​ម័ត​ពី​រដ្ឋ​សភា​និង​ព្រះ​រាជ ក្រិត្យ​ពី​ព្រះ​មហា​ក្សត្រ​ ។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់ សុខុន បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរ​ទេស​នៅ​រសៀល ថ្ងៃ​ទី​៥ ខែ​​មេសា​នេះ ក្នុង​ពិធី​មួយ​ដែល​អញ្ជើញ​ចូល​រួម​ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​សែន​ ។

     ឯក​ឧត្តម ហោ ណាំ​ហុង បាន​មាន​ប្រ​សាសន៍​រំលឹក​កិច្ច​ប្រឹង​ប្រែង​ខិតខំ​ក្នុង​រយៈ​ពេល​ ៣​ទសវត្ស​ ដែល​លោក​បាន​បំពេញ​ការងារ​ដែល​ សម្តេច​តេ​ជោ​សែន បាន​ប្រ​គល់​ជូន​ ដើម្បី​ផល​ប្រ​យោ​ជន៍​ជាតិ​ និង​នយោ​បាយ​ ។ ឯក​ឧត្តម​ ហោ ណាំហុង បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ សម្តេច​តេ​ជោ​ ដែល​បាន​ផ្តល់​កិត្តិ​យស​ដល់​លោក​បំរើ​ការ​ងារ​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត​ ។

     ក្នុង​ពិធី​តែង​តាំង​នោះ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់ ​សុខុន បាន​មាន​ប្រ​សាសន៍​ប្តេជ្ញា​ដឹក​នាំ​ក្រ​សួង​ការ បរ​ទេស​ ដើម្បី​ការ​ពារ​ផល​ប្រ​យោ​ជន៍​ប្រ​ទេស​ជាតិ​ និង​ប្រ​ជា​ជន​កម្ពុជា ​។ ឯក​ឧត្តម ​ប្រាក់ ​សុខុន បាន​បញ្ជាក់​ថា​ កាល​ពី​ ១៧​ឆ្នាំ​មុន លោក​​ធ្លាប់​បាន​បន្ត​តំណែង​ម្តង​រួច​មក​ហើយ​ពី ​ឯក​ឧត្តម ​ហោ​ ណាំ​ហុង​ ក្នុង​ឋានៈ​ជា​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រ​ចាំ​ប្រ​ទេស​បារាំង​… សហ​ភាព​អឺរ៉ុប និង​ការិ​យា​ល័យ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ប្រ​ចាំ​ទី​ក្រុង​ហ្សឺណែវ​ប្រ​ទេស​ស្វីស​ ។ ឯក​ឧត្តម​បញ្ជាក់​ថា ថ្ងៃ​នេះ គឺ​ជា​លើក​ទី​ ២​ហើយ ដែល​ឯក​ឧត្តម​បាន​បន្ត​តំណែង​ពី​ ឯក​ឧត្តម ហោ ណាំ​ហុង ក្នុង​ការ​ដឹក​នាំ​ក្រ​សួង​ការ​បរ​ទេស​ និង​សហ​ប្រ​តិបត្តិ​ការ​អន្តរ​ជាតិ​ ។

Brak Sokon 06 04 16 3 copy  Brak Sokon 06 04 16 4 copy

Brak Sokon 06 04 16 5 copy  Brak Sokon 06 04 16 6 copy