ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិស្តីពី «ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០»


លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា ផែនការសកម្មភាពជាតិស្តីពី «ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០» គឺជាផែនការដ៏សំខាន់ក្នុងការសម្រេចឱ្យបាន នូវការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកុមារ, ការបញ្ឈប់អំពើហិង្សាលើកុមារ មិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែឯងនោះទេ។

លោកជំទាវ បានបន្ថែមថា ផែនការសកម្មភាពជាតិនេះ ក៏មានការចូលរួមពីគ្រួសារ អង្គការសង្គមស៊ីវិល សហគមន៍ និងសង្គមជាតិទាំងមូល។ ទន្ទឹមនឹងនោះដែរ ឪពុកម្តាយ អាណាព្យាបាល អ្នកមើលថែទាំកុមារ ត្រូវ ទទួលបានការបណ្តុះ បណ្តាលអំពីសិទ្ធិកុមារ វិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន។ល។ អំពើហិង្សាលើកុមារ មិនមែន ជាអ្វីដែលយើងមិនអាចជៀសផុតនោះទេ។ យើងអាចបង្ការទប់ស្កាត់វាបាន ប្រសិនបើ យើង មានសកម្មភាពរួមគ្នាជាពហុវិស័យនិងរឹងមាំ។

លោកជំទាវ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសង្គមកិច្ច។

ថ្លែងបញ្ជាក់នៅក្នុងកម្មវិធីនោះ លោកជំទាវបានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាកុមារឱ្យទទួលបាន លទ្ធផលកាន់តែល្អប្រសើរ ខ្ញុំសំណូមពរឯកឧត្តម លោកជំទាវ លោក លោកស្រី លោក លោកស្រី ក្មួយកុមារ និងយុវជនដាក់បញ្ចូលសកម្មភាពពាក់ព័ន្ធ ដែលបានកំណត់នៅក្នុង ផែនការសកម្មភាពជាតិនេះ ទៅក្នុងផែនការយុទ្ធសាស្រ្ត និងផែនការប្រតិបត្តិប្រចាំឆ្នាំ របស់ ក្រសួងស្ថាប័នសាម៉ី ដើម្បីជំរុញការអនុវត្តផែនការជាតិនេះឱ្យបានផុលផុស និងទូលំទូលាយ។

លោក គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឲ្យដឹងថា ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ និងទទួលបានការសម្រេចអនុម័តពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ដែលជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឲ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ឆ្លើយតបនិងតម្រូវការរបស់កុមាររងគ្រោះ និងងាយរងគ្រោះ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញដំណើរការកែទម្រង់យ៉ាងពិតប្រាកដ ដើម្បីសម្រេចឱ្យបាននូវកិច្ចការពារកុមារមួយ ដែលមានលក្ខណៈស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ក្នុងការលើកស្ទួយការគោរពសិទ្ធិ និងធានាយុត្តិធម៌សម្រាប់កុមារ។

លោក គីម សុវណ្ណឌី​ បានបញ្ជាក់ថា ផែនការសកម្មភាពជាតិនេះ មានសារៈសំខាន់ក្នុងការបន្តរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជួយការពារសិទ្ធ និងឧត្តមប្រយោជន៍របស់កុមារ រួមទាំងការពារផលប្រយោជន៍របស់កុមារជាជនរងគ្រោះ ក្នុងសហគមន៍ និងសង្គម, បង្កើននូវការអប់រំ ទប់ស្កាត់ និងកាត់បន្ថយភាពអសកម្មរបស់អនីតិជន ព្រមទាំងឆ្លើយតបទៅនឹងវិធានការនានា របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍអនីតិជន ឲ្យក្លាយជាពលរដ្ឋល្អ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ, បង្កើនកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធតុលាការក្នុងការដោះស្រាយបញ្ហាអនីតិជនឲ្យស្របទៅនឹងអនុសញ្ញាស្តីពីសិទ្ធកុមារ, បំពេញកាតព្វកិច្ចជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស ជាមួយស្ថាប័នអន្តរជាតិផ្សេងៗក្នុងការការពារសិទ្ធិកុមារ៕