អភិបាលខេត្តតាកែវ នាំយកអំណោយសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១០០គ្រួសារ នៅស្រុកគិរីវង់


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះទឹកជំនន់ចំនួន១០០គ្រួសារ នៅឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

សំណេះសំណាលនាឱកាសនោះឯកឧត្តម វ៉ី សំណាង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុក ដាក់គិតគូរខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិន ប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប កន្ទេល១ មុង ១ ភួយ១ និងថវិកា ២ម៉ឺនរៀល។ បន្ទាប់ពីបញ្ចាប់កម្មវិធីនេះ នៅស្រុកគិរីវង់ វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានដឹកនាំ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកទ្រាំងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទ្រាំង មកប្រគល់ជូនគ្រួសារវីរៈកងទ័ពរស់នៅភូមិក្រាំងឈើនៀង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ អំណោយ ដែលបានប្រគល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ៣កេស ត្រីខ ១យួរ ទឹកត្រី ៩ដប ទឹកស៊ីអ៉ីវ ១៥ដប ប្រេងឆា ១លីត្រ ទឹកសុទ្ធដបធំ ១កេស នំ ១ប្រអប់ កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រមា១ ព្រមទាំងថវិកាសាខា ៥ ម៉ឺនរៀល អនុសាខា ២០ម៉ឺនរៀល និងថវិកាលោក លីវ សំណាង សមាជិកគណៈកម្មាធិកាសាខា ១០ ម៉ឺនរៀល៕