ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនពលករខ្មែរសរុបចំនួន៦៦៩នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដែលមានស្រុកកំណើតរបស់ខ្លួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះធ្វើឡើងនៅស្រុកមេមត់ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ។
សូមជម្រាបថា បន្ទាប់ពីបញ្ហាព្រំដែនរវាងភាគីថៃ ដែលបានឈ្លានពានទឹកដីមកលើកម្ពុជា បងប្អូនពលករដែលធ្លាប់បម្រើការងារនៅប្រទេសថៃ បាននាំគ្នាធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់ ដោយទទួលបានការជួយ សម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងក្រសួងជំនាញ ជាពិសេសរដ្ឋបាលខេត្ត ប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ជាមួយការយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពលករដែលបានត្រឡប់មកពីប្រទេសថៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា, រដ្ឋបាលខេត្តត្បូងឃ្មុំ តែងបានយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ដោយមិនប្រកាន់សាសនា និន្នាការនយោបាយនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំផងដែរដល់អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាព ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពលករផងដែរ។ លោក ប៉ែន កុសល្យ ក៏បានណែនាំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ គិតគូរស្វែងរកការងារជូនពួកគាត់ សម្រាប់បងប្អូនពលករណា ដែលមានបំណងចង់មានការងារធ្វើនៅស្រុកកំណើតរបស់ពួកគាត់។
ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បងប្អូនប្រជាពលករ ក៏បានសម្តែងការសប្បាយរីករាយ និងបង្ហាញបំណងក្នុងការបន្តរស់នៅស្រុកកំណើតរបស់ខ្លួនវិញ វាអាចប្រសើរជាងការរស់នៅចំណាកស្រុកឯប្រទេសដ៏ទៃ។
ចំពោះអំណោយដែលនាំមកប្រគល់ជូនបងប្អូនពលករដែលវិលពីប្រទេសថៃចំនួន៦៦៩នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១យួរ និងថវិកាមួយចំនួនផងដែរ៕