អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើជនជាតិថៃ ដែលយករូបសម្ដេចតេជោ ហ៊ុន សែន ធ្វើផ្ទាំងស៊ីបបាញ់


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់ជនជាតិថៃ ដែលបានយករូបភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅធ្វើបាញ់ផ្ទាំងស៉ីបសម្រាប់ចាប់យករង្វាន់ និងយកទៅធ្វើទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងសូមកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។

ជាក់ស្ដែង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សូម្បីតែទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំង ក៏ដោយក៏សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅតែអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះ អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា នៅប្រទេសថៃអំពើអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាង ចំពោះថ្នាក់ដឹកនាំកម្ពុជាបានប្រព្រឹត្តទៅដោយចំហរ ដោយគ្មានវិធានការអ្វីទាំងអស់។ អ្នកនាំពាក្យរាជរដ្ឋាភិវ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបណ្ដែតបណ្ដោយឲ្យអំពើប្រមាថបែបនោះ កើតមានដោយតនៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា កម្ពុជាទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់ សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ៕