ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងជំរុញការអនុវត្តការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋ និងចេញពីក្នុងរាជធានីភ្នំពេញ។
ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា នៅក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានយាយីពេញពិភពលោក ដូចជាគ្រោះរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម ក្នុងនោះ សម្រាប់រាជធានីភ្នំពេញ យើងក៏បានទទួលឥទ្ធិពលនេះផងដែរ នោះគឺគ្រោះជំនន់ទឹកភ្លៀង។ ដូច្នេះលោកអភិបាល បានណែនាំឲ្យអាជ្ញាធរទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្តការងាររំដោះទឹក ចេញពីមូលដ្ឋានប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ឃួង ស្រេង បានណែនាំអាជ្ញាធរខណ្ឌទាំង១៤ បន្តធ្វើការងារចុះពិនិត្យប្រឡាយលូ ក្នុងភូមិសាស្ត្រខ្លួនហើយណែនាំប្រជាពលរដ្ឋកុំឲ្យបោះសំរាមចូលលូ ប្រឡាយ នាំឲ្យស្ទះ។ លោក និងលោកស្រី ជាអភិបាលខណ្ឌសហការ ជាមួយមន្ទីរជំនាញ នៅខែប្រាំងស្ដារ លូ ស្ដារប្រឡាយ ហើយខែវស្សានាំគ្នាចុះត្រួតពិនិត្យប្រឡាយ លូមើលកន្លែងណាស្ទះកាយបើកមុខទឹក ដែលជាឆ្អឹងខ្នង។ មន្ត្រីជំនាញត្រូវចុះពិនិត្យរឺហ្គ្រាលូ លូ មន្ទីរសាធារណការត្រូវ ចាត់ជំនាញជិះម៉ូតូឡាន មើលផ្លូវមើលគំនូសចរាចរ និងស្លាកសញ្ញាចរាចរដែលធ្លាក់បាក់បែក ឬបាត់រាយការមករដ្ឋបាលរាជធានីភ្លាម។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើ ការងារសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺយើងធ្វើការងារគ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍ និងភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពោលគឺបើពិនិត្យឃើញមានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវចុះបង្ក្រាបភ្លាម។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឯកឧត្តមបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបង្ក្រាបបានប្រមាណ៨០%ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរី និងខុនដូ ដែលមានការសង្ស័យ។ នៅពេលចុះបង្ក្រាប ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់ និងភាពច្បាស់លាស់។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា គ្រឿងញៀនក៏ជាបញ្ហាដ៏ធំមួយ ដោយវាបាននិងកំពុងចាក់គ្រឹះ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះបង្ក្រាប ហើយអ្វីដែលសំខាន់នោះ គឺលោកស្នើឲ្យកងរាជអាវុធហត្ថ និងប៉ូលីស ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀន ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ លោក ឃួង ស្រេង នូវបានស្នើសុំឲ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ សហការគ្នាឲ្យបានល្អជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅពេលចុះបង្ក្រាបគ្រឿងញៀន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញម្តងៗ៕