នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា និងឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកស្រី ឈឹម សុភា និងក្រុមគ្រួសារទាំងអស់នៃសព លោកអនុសេនីយ៍ទោ ហង្ស វិសាល មុខងារជំនួយការផ្នែកជួសជុល រថក្រោះ រថពាសដែក កងឯកភាពជួសជុលចល័ត ការិយាល័យបច្ចេកទេស កងទ័ពជើងគោក ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤៥នាទីព្រឹក ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម យូ ឡាណា បានប្រគល់ជូនក្រុមគ្រួសារសពនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារថា៖ «ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លានៅក្នុងគ្រួសារ។ ការទទួលមរណភាពរបស់ លោកអនុសេនីយ៍ទោ ហង្ស វិសាល គឺជាការបាត់បង់វីរកងទ័ពមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។
ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ ខ្ញុំ និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ ហង្ស វិសាល សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕