ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអំពាវនាវឱ្យបងប្អូនកសិករ ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីទទួលបានអត្ថប្រយោជន៍ និងឱកាស និងបានលើកទឹកចិត្តដល់កសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី។
ឯកឧត្តមបានគូសបញ្ជាក់ថា សមាគមបណ្តាញកសិករតេជោនឹងធ្វើជាស្ពានតភ្ជាប់ទៅនឹងឱកាស ក្នុងការទទួលបានបច្ចេកទេស និងស្ពានជាតភ្ជាប់ទីផ្សារជូនកសិករទៅនឹងអ្នកទិញ។ ជាមួយគ្នានេះ សមាគមនឹងធ្វើជាខែល ឬឆ័ត្រ សម្រាប់កសិករជ្រក ពោលគឺ ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន គៃចំណេញលើកសិករ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករដែលកន្លងមកតែងតែប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលដែលបងប្អូនប្រជាកសិករចង់បានដូចៗគ្នា គឺ (១) តម្លៃកសិផលដែលមានស្ថេរភាព ជាពិសេសនៅពេលប្រមូលផលឱ្យបានតម្លៃសមរម្យ (២) មានទីផ្សារ (៣) ធាតុចូលកសិកម្មជីថ្នាំមានតម្លៃសមរម្យ និង (៤) កម្ចីដែលមានអត្រាការប្រាក់ទាប។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិន ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។
ឯកឧត្តមបណ្ឌិតបន្តទៀតថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃក្នុងរយៈកាលកន្លងមកថ្មីៗ ដែលបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង ជាក់ស្តែងដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី បានបន្ថយការនាំចូលអង្ករពីប្រទេសវៀតណាម និងថៃ ដែលធ្លាប់ទិញស្រូវពីយើងច្រើន បែរជាផ្អាកការនាំចូលអង្ករពីយើងទៅវិញ។
ឯកឧត្តមបណ្ឌិតបានរំលឹកថា ជុំវិញតម្លៃស្រូវធ្លាក់ថ្លៃនេះ កន្លងមករាជរដ្ឋាភិបាលបានអន្តរាគមន៍ក្នុងការជួយរក្សាតម្លៃស្រូវឱ្យមានស្ថេរភាពចាប់តាំងពីឆ្នាំ២០១៦ មក។
ឯកឧត្តមបណ្ឌិតកៅ ថាច បានចាត់ទុកថា កសិករ គឺជាអ្នកចិញ្ចឹមឆ្នាំងបាយរបស់ពិភពលោក ជាពិសេសប្រទេសកម្ពុជាយើងបាននាំចេញអង្ករទៅ៦៦ប្រទេសផងដែរ ដើម្បីបម្រើការហូបចុករបស់ប្រជាជនពិភពលោក ហេតុដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ ដែលបានបន្សល់ទុកបន្តតាំងពីដូនតាមក ពោលគឺមុនសម័យអង្គរមកម៉្លេះ។
ដោយឡែកទាក់ទិននឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅតាមបណ្តាប្រទេសធំៗមួយចំនួន បាននឹងកំពុងធ្វើកសិកម្មកាបូន ដែលជាការអនុវត្តកសិកម្មបែបថ្មី ដើម្បីកាត់បន្ថយការបំភាយកាបូន និងជួយដល់អាកាសធាតុល្អប្រសើរ ដីស្រែមានជីជាតិ ហើយថែមទាំងបង្កើតឱកាសសម្រាប់ដៃគូអាជីវកម្ម ក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម៕
សូមជម្រាបថា នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋានក្នុងស្រុកមុខកំពូល ដែលមានអ្នកចូលរួមសរុបប្រមាណ ៥១១ នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៥០ នាក់៕