សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសសិរីមង្គល នៃខួបចម្រើនជន្មាយុ


សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរ ផ្ញើជូនសម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៃព្រះរាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គល នៃខួបចម្រើនជន្មាយុ សម្តេចមហាមន្ត្រី ដែលនឹងឈានចូល នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ។

ក្នុងសារលិខិតជូនពរ បានសរសេរយ៉ាងដូច្នេះថា «នៅក្នុងឱកាសសិរីមង្គល នៃខួបចម្រើនជន្មាយុ សម្តេចមហាមន្ត្រី ដែលនឹងឈានចូលមកដល់ នៅថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវក្តីសោមនស្ស ក្រៃលែងប្រកបដោយភាព កក់ក្តៅជូនចំពោះ សម្តេចមហាមន្ត្រី។

សម្តេចមហាមន្ត្រី ជាថ្នាក់ដឹកនាំប្រកបដោយគុណវុឌ្ឍ និងពោរពេញដោយការលះបង់ខ្ពស់ក្នុង ការបំពេញបេសកកម្មដ៏ស្វិតស្វាញ និងដោយមនសិការវិជ្ជាជីវៈ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមចំណែករបស់ សម្តេចជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងនាំឱ្យកម្ពុជាបន្តមានសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំង ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេច គឺជាគំរូវីរភាពសម្រាប់បច្ឆាជន។

ខ្ញុំសូមយកឱកាសដ៏បវរនេះ សូមជូនពរជ័យ សិរីសួស្តីមង្គលគ្រប់ប្រការជូន សម្តេចមហាមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕