នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកិច្ចការសាសនាឥស្លាម (MABIMS) ដែលមានប្រទេសសមាជិក ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេដារូស្សាឡាម និងសិង្ហបុរី ដែលប្រព្រឹត្តទៅនៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដោយឆ្នាំនេះម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជាបានចូលរួមសង្កេតការណ៍។
MABIMS ត្រូវបានបង្កើតនៅឆ្នាំ១៩៨៩ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព សុខដុមរមនីយកម្មសាសនា សុខុមាលភាព ផ្លាស់ប្ដូរបទពិសោធន៍រវាងបណ្ដា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាម ដោះស្រាយទូទៅកិច្ចការសាសនា ដើរផ្លូវកណ្ដាល មិនជ្រុលនិយម និង ផលប្រយោជន៍កិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ជាដើម ដោយមិនជ្រៀតជ្រែកកិច្ចការនយោបាយប្រទេសជាសមាជិក។
ក្នុងកិច្ចប្រជុំនេះ ប្រចាំលើកទី២១ ឆ្នាំ២០២៥ មិនមែនត្រឹមតែ ជាវេទិកាតំបន់មួយប៉ុណ្ណោះទេ វាជានិមិត្តរូប នៃភាតរភាពឥស្លាម និងការបេ្តជ្ញាចិត្ត រួមគ្នាក្នុងការពង្រឹងគោលនយោបាយសាសនា ព្រមទាំងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហាឡាល ឲ្យកាន់តែមានប្រសិទ្ធភាព និងនវានុវត្តន៍។ កិច្ចការហាឡាលគឺជាផ្នែកវិនិយោគមួយ លើកស្ទួយដល់ផលិតផលកសិកម្ម ម្ហូបអាហារ សម្ភារៈប្រើប្រាស់ រួមទាំងថ្នាំពេទ្យ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏បានដាក់ឲ្យដំណើរការនូវផែនការយុទ្ធសាស្ត្រ MABIMS ឆ្នាំ២០២៦-២០៣០ ដែលនឹងក្លាយជាការណែនាំដ៏សំខាន់ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឥស្លាម ក្នុងតំបន់ជាមួយនឹងវិធីសាស្ត្រដែលកាន់តែមានភាពរស់រវើកជឿនលឿន និងមានការប្រកួតប្រជែង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីសុខដុមរមនីយកម្មជាតិសាសន៍ និងសាសនាបានកើតឡើងនៅកម្ពុជា ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយស្វាហាប់ និងបុិនប្រសព្វ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដោយបានផ្ដល់ឱកាសសម្រាប់សហគមន៍ខ្មែរឥស្លាម បានចូលបម្រើ និងបំពេញការងារនៅគ្រប់ស្ថាប័នកំពូលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលបានប្រាក់បៀរវត្សដូចគ្រូបង្រៀនទូទៅ៕