ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភា និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ជាបទពិសោធន៍ក្នុងចលនាប្រឡងប្រណាំងការផ្ដល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ឆ្នាំ២០២៤កន្លងមក មានដំណើរការល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដំណើរការនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ រដ្ឋបាលក្រុង ស្រុក ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលមានឆន្ទៈមោះមុតក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងជម្រុញឲ្យមានសកម្មភាពដើម្បីចូលរួមប្រឡងប្រណាំ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំថា តួនាទី និងភារកិច្ចរបស់ក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត តាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានតួនាទីជាអ្នក ដឹកនាំយុទ្ធសាស្ត្រត្រួតពិនិត្យ និងជាអ្នកវាយតម្លៃចុងក្រោយ លើការងារនេះ៖ គឺត្រូវសម្របសម្រួលអន្តរាគមន៍ ដឹកនាំ និងសម្របសម្រួលការចូលរួមរបស់មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត (សុខាភិបាល អប់រំ…) ក្នុងការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តសេវាសង្គម និងការងារពង្រឹងសន្តិសុខ ដែលតម្រូវឲ្យមានកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ។
ត្រូវកំណត់លក្ខណវិនិច្ឆ័យរួម និងផ្សព្វផ្សាយនូវលក្ខណវិនិច្ឆ័យវាយតម្លៃ និងតារាងពិន្ទុរួមនៅទូទាំងខេត្ត ស្របតាមសេចក្តីណែនាំ ដើម្បីធានាបានស្តង់ដាររួម។ ទទួលយកបញ្ជីបេក្ខភាពឃុំ សង្កាត់ ដែលបានជាប់វាយតម្លៃបឋមពីក្រុង ស្រុក។ ចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះធ្វើសុពលភាព ចុងក្រោយលើឃុំ សង្កាត់ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើឯកសារ របាយការណ៍ និងការចុះពិនិត្យជាក់ស្ដែង។
ក្រុមការងារលេខាធិការដ្ឋានត្រូវរៀបចំបែបបទស្នើសុំវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី និងរង្វាន់សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានជ័យលាភី៕