រដ្ឋសភាកម្ពុជា នៅរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិគាំទ្រពេញទំហឹងចំពោះ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» របស់កម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានលោកប្រធានាធិបតី ដូណាល់ ត្រាំ និង នាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រធានអាស៊ាន ធ្វើជាសាក្សីនៅព្រឹកមិញនេះ។
រដ្ឋសភាកម្ពុជា ដែលជាតំណាងរបស់ប្រជាពលរដ្ឋគ្រប់រូប បានតាមដានដោយយកចិត្តទុកដាក់នូវដំណើរការចរចាសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រហូតបានឈានដល់ការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រដ្ឋសភា បានចាត់ទុកថា នេះជាជំហានវិជ្ជមានដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។
រដ្ឋសភាសូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងតួនាទីស្នូល របស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះ រដ្ឋសភាក៏សូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការសន្តិភាពដ៏មានតម្លៃនេះ។
រដ្ឋសភាកម្ពុជាសូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាពគឺទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជានិងថៃជាអ្នកជិតខាងអចិន្រ្តៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។
រដ្ឋសភាកម្ពុជា ក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការចូលរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្លានៃសេចក្តីថ្លែងការណ៍រួមនេះ៕


