ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Benjamin Moreau តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) ចូលជួបពិភាក្សាការងារនៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។
កិច្ចជំនួបនេះភាគីទាំងពីរបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះ លោក Benjamin Moreau និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេសការសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ ដែលទទួលបានមកពីការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា ផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ពីការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុំឱ្យមានការរើសអើង ឬប្រើអំពើហិង្សាលើជនជាតិថៃ ដែលកំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតលើទឹកដីកម្ពុជា ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារដែលជាជនជាតិថៃ។
បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីការដាក់ចេញនូវវិធានការ និងការប្រើប្រាស់យន្តការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្នុងការសម្របសម្រួល និងគាំទ្រការវិលត្រឡប់របស់ពលករទេសន្តប្រវេសន៍មកប្រទេសកម្ពុជាវិញ ផងដែរ។
ក្នុងកិច្ចជំនួបនេះ លោក Benjamin Moreau បានគូសបញ្ជាក់ពីការតាមដានយ៉ាងយកចិត្តទុកដាក់របស់ OHCHR ក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះលោក Benjamin បានរំលេចពីតួនាទីរបស់ OHCHR ក្នុងការប្រមូល និងកត់ត្រាព័ត៌មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីតម្លាភាព និងគណនេយ្យភាព ក្នុងការរួមចំណែកដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការកសាងទំនុកចិត្តឡើងវិញ។
លោក Benjamin ក៏បានគូសបញ្ជាក់ពីគម្រោងក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង OHCHR ប្រចាំប្រទេសកម្ពុជា និងគ.ស.ម.ក. ដូចជា កិច្ចសហការរៀបចំការលើកកម្ពស់ការយល់ដឹងស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជារបាយការណ៍ពាក់កណ្តាលអាណត្តិក្នុងការអនុវត្តអនុសាសន៍ UPR ជុំទី៤ ជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វាគមន៍នូវគម្រោងកិច្ចសហប្រតិបត្តិការនេះ ជាពិសេសសិក្ខាសាលាក្នុងការលើកកម្ពស់ការយល់ដឹងស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស និងបានគូសបញ្ជាក់ពីគម្រោងសហការជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់ការយល់ដឹង និងការចែករំលែកការអនុវត្តល្អៗ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម៕









 
		
		
		 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					