សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានថ្វាយព្រះរាជសារលិខិតអបអរសាទរដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីខួបទី២១ នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។
ព្រះរាជសារលិខិតរបស់សម្តេចព្រះមហាក្សត្រី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ព្រះរាជបុត្រ ជាទីស្រឡាញ់ស្មើជីវិតនៃម៉ាម៉ង់
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីខួបទី ២១ នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតនៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ម៉ាម៉ង់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតជាមួយប្រជាជាតិ ប្រជារាស្ត្រទូទាំងព្រះរាជា ណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏មហាប្រសើរនេះ ម៉ាម៉ង់ សូមសំដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះ ព្រះរាជបុត្រ ដែលមានព្រះកិត្តិនាម ព្រះកិត្តិស័ព្ទកាន់តែល្បីល្បាញនៅក្នុងមជ្ឈដ្ឋានជាតិ-អន្តរ ជាតិ និងទទួលបានមហាជោគជ័យក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្ត្រ ហើយប្រជាជាតិ ប្រជារាស្ត្រកម្ពុជា មានមោទនភាពជាទីបំផុតចំពោះព្រះរាជបុត្រ ដែលប្រកបដោយចរិយាសម្បត្តិដ៏ល្អប្រពៃគ្រប់លក្ខណៈក្នុងការបំរើឧត្តមប្រយោជន៍មាតុភូមិកម្ពុជា។
សូមព្រះរាជាណាចក្រកម្ពុជា ស្គាល់តែសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពជាដរាប។
ម៉ាម៉ង់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុសក្តិសិទ្ធក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធព្រះអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ៗ ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ប៉ាប៉ា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជមេត្តាជួយអភិបាលថែរក្សា ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅនៃ ម៉ាម៉ង់ បានប្រកបតែនឹងព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំ មួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ នៃប្រជានុរាស្ត្រទូទាំង ព្រះរាជាណាចក្រកម្ពុជា និងគង់ប្រថាប់ជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ ព្រមទាំងបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការតី អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


