ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលសម្រេចបាន ១០០%


នៅព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។

សូមបញ្ជាក់ថា បន្ទាប់ពីការសាងសង់រួចរាល់ ទំនប់ដូនទ្រី អាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣០០០ហិកតា និងរដូវប្រាំងប្រមាណ ៤៥០០ហិកតា ក្នុងឃុំចំនួន១៥នៃស្រុកចំនួនបីគឺ ស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ គម្រោងនេះក៏នឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕